តម្លៃ​ប្រេងសាំង​ឡើងដល់​៤០០០ រៀល​ក្នុង​មួយ​លីត្រ នៅ​ដើមខែ​កុម្ភៈ នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2018 ក+ ក-


​ភ្នំពេញ ៖ បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ បាន​កំណត់ថា ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨ តម្លៃ​ប្រេងសាំង​ដែល​លក់រាយ​នៅតាម​បណ្តា​ស្ថាន​យ៍​ប្រេង​ឥន្ទ​នៈ​ទាំងអស់​នៅ​ទូទាំងប្រទេស ត្រូវ​លក់​ក្នុងតម្លៃ​មិនអោយ​លើសពី ៤០០០ រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា និង តម្លៃ​មិន​អោយលើស ៣៨០០ រៀល​សម្រាប់​ប្រេ​ស​ម៉ា​ស៊ូ​ត​។​

​បើ​ធៀប​នឹង​កាល​ពីស​ប្តា​ហ៌​មុន ប្រេងសាំង​ធម្មតា ដែលមាន​តម្លៃ​៣៩៥០​រៀល​ក្នុង​មួយ​លីត្រ បាន​ឡើង​៥០​រៀល​បន្ថែមទៀត​ក្នុង​ដើមខែ​កុម្ភៈ​នេះ​។ ដោយឡែក​សម្រាប់​តម្លៃ​ប្រេងសាំង​សូ​ពែរ ដែល​មិនបាន​ដាក់បញ្ចូល​ក្នុង​រូបមន្ត​គណនា​តម្លៃ​ប្រេង​រៀងរាល់​១០​ថ្ងៃ​ម្តង របស់​ក្រសួងពាណិជ្ជកម្ម នោះ​មានតម្លៃ​ប្រែប្រួល​ទៅតាម​ក្រុមហ៊ុន​ផ្គត់ផ្គង់​នីមួយៗ ដែល​នៅក្នុង​ថ្ងៃទី​១ ខែកុម្ភៈ​នេះ មានតម្លៃ​ចន្លោះ​ពី ៤២០០​រៀល ដល់​៤៣០០​រៀល ក្នុង​មួយ​លីត្រ​។ គួរ​កត់សំគាល់ថា តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​កម្ពុជា បាន​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ខណៈដែល​ប្រេង​ឆៅ​ក្នុង​ទីផ្សារ​ពិភពលោក បាន​ឡើងថ្លៃ​លើស​៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែលជា​ការកើនឡើង​ខ្ពស់បំផុត​ក្នុង​រយៈពេល ២ ឆ្នាំ​មកនេះ ៕