ភ្នំពេញ ៖ រឿងក្តីលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវតុលាការកំពូល នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ បើកសវនាការជំនុំជម្រះ។ នេះយោងតាមដីការបស់តុលាការកំពូល ដែលទើបទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ នេះ។
សវនាការនេះដឹកនាំដោយលោកឃឹម ប៊ុណ្ណ អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក វ៉េង ប៊ុនធឿន ជាតំណាងមហាអយ្យការ ។
គួរបញ្ជាក់ថា ទាំងសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោស លោក អ៊ុ សំអាន ដាក់ ពន្ធនាគារ រយៈពេល ២ឆ្នាំ ៦ខែ និង ពិន័យជាប្រាក់ ចំនួន ៤លានរៀលក្រោមការចោទប្រកាន់ចំនួនពីរបទល្មើស ។
តុលាការរកឃើញថា លោក អ៊ុំ សំអាន មានចេតនាបង្ក ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមាន ការរើសអើងជាតិសាសន៍តាមរយៈការសរសេរ និងអត្ថាធិប្បាយពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ។
លោក អ៊ុំ សំអាន ជាប់ចោទចំនួនពីរបទល្មើស គឺបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងបទញុះញង់ឱ្យមានការរើសអើង តាមមាត្រា ៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌដែល ប្រព្រឹត្តនៅចំណុចរាជធានី ភ្នំពេញ និងព្រះរាជាណាចក្រ កម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ៕