ខេត្តកំពង់ឆ្នាំង លោកយាយ អាយុ៩០ឆ្នាំម្នាក់ បានរត់ផុតជីវិត ទាំងព្រលឹងចុងសក់ ខណៈ ដែលកំពុង សម្រាន លង់លក់ ស្រាប់តែអគ្គីភ័យ បានឆាបឆេះផ្ទះលោកយាយ យ៉ាងសន្ឋោសន្ឋៅ ។ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ហះ ឆ្នាំ២០១៨ នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ។
សមត្ថកិច្ចនគរបាលបានទៅពិនិត្យកន្លែងកើតហេតុ បានអោយដឹងថាៈ លោកយាយ រងគ្រោះមានឈ្មោះ ជា សាត អាយុ៩០ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ លោកយាយរស់នៅតែម្នាក់ឯង លើផ្ទះដែលមានទំហំ៤គុណនិង៦ម៉ែត្រ ធ្វើពីឈើប្រក់ និងបាំងជញ្ជាំងស្លឹក ក្រាលរនាប ឬស្សី ។លោកយាយមានកូនក្មួយរស់នៅជិតខាង ជាអ្នកបីបាច់ថែររក្សា ដោយផ្តល់បាយម្ហូប គ្រប់ពេលវេលា ។ នៅថ្ងៃកើតហេតុ លោកយាយកំពុងសម្រាលលង់លក់ ក្រោមផ្ទះ ដោយពុំដឹង ថាៈ មានភ្លើងឆេះផ្ទះទេ ។
អ្នកជិតខាងបានប្រាប់សមត្ថកិច្ចថាៈ អណ្តាតភ្លើងបានឆេះយ៉ាងសន្ឋោសន្ឋៅ តែលោកយាយសម្រានលក់ មិនដឹងខ្លួន ពេលនោះបានអ្នកជិតខាងស្ទុះទៅចាប់លើកលោកយាយចេញ ពីក្រោម ផ្ទះ ហើយបាននាំគ្នាជួយពន្លត់អគ្គីភ័យ ជាមួយគ្នានោះដែរ រថយន្តពន្លត់អគ្គីភ័យ២គ្រឿងបានទៅ ជួយអន្តរាគមន៍បាញ់ពន្លត់ តែអគ្គីភ័យបានឆាប់ឆេះផ្ទះលោកយាយ អស់ទៅហើយ សល់តែគ្រោងផ្ទះតែប៉ុណ្ណោះ ។ សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុថាៈ បណ្តាលមកពីចៅៗលោកយាយលេងភ្លើង ទើបបណ្តាលអោយមានការឆាបឆេះបែបនេះ ។
ចំពោះការខូចខាត មានផ្ទះមួយខ្នងទំហំ៤គុណ៦ម៉ែត្រ ប្រាក់លោកយាយ ២៥ម៉ឺនរៀល និងទ្រព្វសម្បត្តិមួយចំនួនទៀត ។សំណាងណាស់ក្នុងហេតុការនោះមិនបណ្តាលអោយមានមនុស្សរងគ្រោះទេ ចំណែក លោកយាយបានអ្នកជិតខាងជួយទាន់ពេលវេលា ៕