ភ្នំពេញ ៖ ព្រឹទ្ធសភា កម្ពុជា និង សាធារណរដ្ឋឥណ្ឌា បានប្តេជ្ញាបន្តពង្រឹកទំនាក់ទំនង ការទូត និងកិច្ចសហប្រតិបត្តការរវាងប្រជាជន និងប្រទេសទាំងពីឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ពិសេស បន្តគាំទ្រលោកជំទាវ MANIKA JAIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ឱ្យកាន់តែមានភាបកក់ក្តៅថែមទៀត។
ការប្តេជ្ញានេះ បានធ្វើឡើង បន្ទាប់ពីសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ MANIKA JAIN ចូលជួបសម្តែងការគួរសម កាលពីព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០១៨នៅវិមានព្រឹទ្ធសភា។
ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូតបានសម្តែងនូវសេចក្តីរីករាយ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ខណៈពេលដែលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កាន់តែមានភាពកក់ក្តៅ។ ទំនាក់ទំនងកម្ពុជា-ឥណ្ឌា គឺជាទំនាក់ទំនងដែលមានភាពស៊ីជម្រៅនៅក្នុងប្រវត្តិសាស្ត្រ ប្រកបដោយទំនាក់ទំនងវប្បធម៌យ៉ាងជ្រាលជ្រៅ។ ក្នុងរយៈពេលចុងក្រោយនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ព្រមទាំងបានចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗមួយចំនួន។ តាមរយៈដំណើរទស្សនកិច្ចនោះ ក៏បានជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម វប្បធម៌ បច្ចេកវិទ្យាព័ត៌មាន ពាណិជ្ជកម្ម និងកាវិនិយោគបន្ថែមទៀត។
នៅក្នុងអាណត្តិនៃបេសកកម្មការទូតលោកជំទាវសន្យាថា នឹងខិតខំអនុវត្តនូវកិច្ចព្រមព្រៀងទាំងឡាយ ដែលជំរុញដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌា។ ជាមួយគ្នានេះ ឥណ្ឌា បានដឹងថា នៅឆ្នាំ២០១៨នេះ កម្ពុជានឹងរៀបចំការបោះឆ្នោតចំនួនពីរ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ និងបានជូនពរដល់ដំណើរការនៃការបោះឆ្នោតទាំងពីរ ឲ្យទទួលបានជោគជ័យ។
ឯកអគ្គរដ្ឋទូតរូបនេះបានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ខាងបច្ចេកទេស ស្ថានទូតឥណ្ឌានឹងខិតខំរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាទាំងពីរ និងផ្តល់ឱកាសដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា បានទៅបណ្តុះបណ្តាលលើវិស័យ ជំនាញផ្សេងៗ នៅប្រទេសឥណ្ឌាបន្ថែមទៀត។
ក្នុងនាមព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានរដ្ឋាភិបាលតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។ តាមរយៈបេសកកម្មនេះ សម្តេចប្រធានព្រឹទ្ធសភាមានជំនឿថា លោកជំទាវឯកអគ្គរដ្ឋទូតនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភា បានអបអរនូវលទ្ធផលនៃដំណើរទស្សនិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋឥណ្ឌា ដែលបានផ្តល់កាលានុវត្តភាពយ៉ាងធំធេង ក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
សម្តេចប្រធានបញ្ជាក់ថា នាពេលខាងមុខ កម្ពុជានឹងមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំថែរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចរៀបចំការបោះឆ្នោតឲ្យប្រព្រឹត្តទៅប្រកបដោយបរិយាស សន្តិភាព គ្មានអំពើហិង្សា មានលក្ខណៈសេរី និងយុត្តិធម៌ ដែលទាំងអស់គ្នាអាចទទួលយកបាន។
សម្តេចវិបុលសេនាភក្តី បានថ្លែងអំណរគុណចំពោះស្ថានទូតឥណ្ឌា ដែលបានយកចិត្តទុកដាក់ជួយផ្តល់អាហារូបករណ៍រយៈពេលខ្លី និងជួយសម្របសម្រួលបែបបទដល់មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា បានទៅសិក្សានៅប្រទេសឥណ្ឌាជាច្រើនរូប លើផ្នែកបច្ចេកវិទ្យាព័ត៌មាន ភាសាអង់គ្លេស ភាពជាអ្នកដឹកនាំ និងវគ្គជាច្រើនទៀត។
សម្តេចវិបុលសេនាភក្តី បានស្នើឲ្យឯកអគ្គរដ្ឋទូត បន្តជួយពង្រឹងពង្រីកការអនុវត្តអនុស្សារណៈយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងពីរបន្តទៅទៀត ជាពិសេសជួយគាំទ្រដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាបានទៅសិក្សានៅប្រទេសឥណ្ឌាលើជំនាញច្បាប់បច្ចេកវិទ្យាព័ត៌មាន ទំនាក់ទំនងអន្តរជាតិ និងភាសាអង់គ្លេសនៅឆ្នាំនេះនិងឆ្នាំបន្តបន្ទាប់ទៀត។
ក្នុងនាមព្រឹទ្ធសភាកម្ពុជា សម្តេចបានប្រកាសត្រៀមខ្លួន នឹងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយនឹងលោកជំទាវឯកអគ្គរដ្ឋទូត និងស្ថានទូតឥណ្ឌា ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕