ចាប់​បុរស​ម្នាក់​ករណី​គំរាម​ហែកកេរ្ដិ៍​តាម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ទារប្រាក់​ពី​ស្ដ្រី​ខ្មែរ​ម្នាក់​នៅ​កូរ៉េ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 February, 2018 ក+ ក-

​កណ្ដាល ៖ បុរស​ជា​មុខសញ្ញា​ជាប់ពន្ធនាគារ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយពី​បុរស​ជា​ជនសង្ស័យ​រូបនេះ មាន​ទំនាក់ទំនង​ជាមួយ​ស្ដ្រី​ម្នាក់​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​តាមរយៈ​ហ្វេ​ស​ប៊ុ​ករ​ហូត​ទុក​ចិ​ត្ដ​គ្នា​បាន​ថតរូប​និង​ឡាយ​វីដេអូ​អាក្រាតកាយ​ជាមួយគ្នា​ទៅវិញទៅមក តែ​ចុងក្រោយ​ជនសង្ស័យ​ខាងលើនេះ​បាន​បែកគំនិត​គំរាមកំហែង​ថា​នឹង​ហែកកេរ្ដិ៍​លាតត្រដាង​លើ​បណ​ញ​តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ទារប្រាក់​ពី​ស្ដ្រី​រងគ្រោះ កាលពី​វេលា​ម៉ោង​១៣ និង​០៥​នាទី ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨ នៅ​ស្រុក​ហ្វា​សង​ស៊ី ខេត្ត​ចង់​គី​ឌូ ប្រទេស​កូរ៉េ ខាងត្បូង ។

​ករណី​ចាប់ខ្លួន​ខាងលើនេះ​ធ្វើឡើង​ត្រង់​ស្ថានីយ៍​ប្រេងឥន្ធនៈ LHR ស្ថិត​ក្នុងភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​ខេ​ត​កណ្ដាល ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ។​
មន្ដ្រីនគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចាប់ខ្លួនបាន​មានឈ្មោះ ផា ផាន់​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដងគោម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល រីឯ​ស្ដ្រី​រងគ្រោះ​ឈ្មោះ ទ ច​.​ម​.​ន អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​ពល​ការី​នី ធ្វើការ​នៅ​ប្រទេស​កូរ៉េ ផ្នែក​គ្រឿង​រថយន្ត ។

​ក្នុងការ​ចាប់ខ្លួន​នេះ​ផងដែរ សមត្ថកិច្ច​បានធ្វើការ​ដកហូត​វត្ថុតាង​មាន​៖ ក្រដាស​លេខ​កូដ Wing ចំនួន​១៥​សន្លឹក សរុប​ប្រា​ក់មាន​ចំនួន​១២,៨២០​ដុល្លារ​សហរដ្ឋអាមេរិក ,​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-9967 ចំនួន​១​គ្រឿង ,​ទូរស័ព្ទ​១​គ្រឿង ,​កាបូបដៃ​ចំនួន​១ មាន​ប្រាក់​៣០​ដុល្លារ​សហរដ្ឋអាមេរិក ,​អត្តសញ្ញាណ​បណ្ណ​១​សន្លឹក ,​ខ្សែដៃ​១​ខ្សែ ផ្លាក​ទីន ,​ខ្សែក​១​ខ្សែ ,​ចិញ្ចៀន​១​វង់ និង​ខ្សែ​ចង្កេះ​១​ខ្សែ ធ្វើ​អំពី​ប្រាក់ ។ ដោយឡែក​ទ្រព្យសម្បត្ដិ​បាត់បង់​មាន ប្រាក់​សរុប​ចំនួន​៤៣,០០០​ដុល្លារ​សហរដ្ឋអាមេរិក ។​

​ប្រភព​ដដែល​បន្ដថា ក្រោយពី​ស្ដ្រី​រងគ្រោះ​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​បាត់ទៅ ជនសង្ស័យ និង​ប្ដី​ស្ដ្រី​រងគ្រោះ​បាន​ស្គាល់គ្នា​តាមរយៈ​ការរៀន​ភាសា​កូរ៉េ នៅ​ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយ​រាប់អាន​គ្នា​ជា​មិ​ត្ដ​ភក្ដិ រហូត​ជនសង្ស័យ​ក្លាយជា​គ្រូ​បង្គោល​រៀន​ភាសា​កូរ៉េ​ជា​លក្ខណៈ​គ្រួសារ និង​ស្នាក់​នៅផ្ទះ​ជាមួយ​ក្រុមគ្រួសារ​ស្ដ្រី​រងគ្រោះ​ផងដែរ ។ លុះ​រហូតមកដល់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ដ្រី​រងគ្រោះ​បាន​សុំច្បាប់​ថៅកែ​របស់ខ្លួន មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​រៀប​អាពាហ៍ពិពាហ៍ ។ លុះ​រៀបការ​ហើយ​បាន​រយៈពេល​៥​ថ្ងៃ ស្ដ្រី​រងគ្រោះ​បាន​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​ដើម្បី​ធ្វើការ​បន្ដ​វិញ ។

​ចាប់តាំងពី​កំឡុង​ពេលដែល​ស្ដ្រី​រៀបការ​រួចហើយនោះ ជនសង្ស័យ​ក៏​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ជាមួយ​ស្ដ្រី​រងគ្រោះ​តាមរយៈ​សង្គម​ហ្វេ​ស​បុក រហូត​បាន​រយៈពេល​ជាង​ពីរ​ខែ គឺ​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៧ ជនសង្ស័យ​និង​ជនរងគ្រោះ​តែងតែ​ឆាត​ផ្ញើ​សារ​ឆ្លើយឆ្លង​គ្នា​ទៅវិញទៅមក​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ស៊ីជម្រៅ ឈានដល់​សុំ​ស្រឡាញ់គ្នា​ទៀតផង ។

​ប្រភព​ដដែល​បាន​បន្ដទៀតថា ក្រោយពី​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និត និង​សារ​រហូត​ឈានដល់​ការស្រលាញ់គ្នា ជនសង្ស័យ​និង​ជនរងគ្រោះ​ក៏បាន​ឆាត​ជា​វីដេអូ ដោយ​ថត​បង្ហាញ​កេរ​ភេទ​មើលគ្នា​ទៅវិញទៅមក ខណៈដែល​ស្ដ្រី​រងគ្រោះ​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ ។ រហូតមក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ ជនសង្ស័យ បាន​បែកគំនិត​ប្រើ​មធ្យោបាយ​ទារប្រាក់​ពី​ជនរងគ្រោះ​ដោយ​គំរាមកំហែង​ថា បើ​មិន​វេរ​លុយ មក​ឲ្យ​ខ្លួន​(​ជនសង្ស័យ​)​ទេ ខ្លួន​និង​បង្ហាញ​រូបភាព​អាក្រាតកាយ​ទៅប្រាប់​ក្រុមគ្រួសារ និង​ប្ដី​ស្ដ្រី​រងគ្រោះ​ឲ្យ​ដឹង​ហើយ ។ ឮ​ដូច្នោះ ធ្វើ​ឲ្យ​ស្ដ្រី​រងគ្រោះ​មានការ​ភ័យខ្លាច​និង​ខ្លាច​មាន​ភាពអាម៉ាស់​ផង ភ្លាមនោះ​ស្ដ្រី​រងគ្រោះ​ក៏​យល់ព្រម​ផ្ញើ​ប្រាក់​ទៅ​ឲ្យ​ជនសង្ស័យ​ជា​បន្ដបន្ទាប់​ដោយ​សរុប​ទាំងអស់​មាន​ចំនួន​៤៣,០០០​ដុល្លារ​សហរដ្ឋអាមេរិក ។ រហូតមកដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨ ដោយ​ស្ដ្រី​រងគ្រោះ​អស់​លទ្ធភាព​ក្នុង​រកលុយ​ដើម្បី​ផ្ញើ​ឲ្យ​ជនសង្ស័យ ស្ដ្រី​រងគ្រោះ​ក៏​ត្រឡប់មក​ស្រុក​ប្រទេស​កម្ពុជា​វិញ រួច​បានដាក់​ពាក្យបណ្ដឹង ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​អន្ដរាគមន៍​ស្វែងរក​ជនសង្ស័យ​ចាត់ការ​តាម​នីតិវិធី តែម្តង​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ស្ដ្រី​រងគ្រោះ ភ្លាមនោះ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ស្រាវជ្រាវរ​ហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រង់​ស្ថានីយ៍​ប្រេងឥន្ធនៈ LHR ស្ថិត​ក្នុងភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់​លួង ស្រុក​ពញា​ឭ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​