ប៉ោយប៉ែត ៖ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដែលទើបចូលកាន់តំណែងលោក សាន វិជ្ជាសារ៉ាវុធ ជំនួសលោក ស៊ាន ស៊ីណាត ដែលថ្នាក់លើផ្ទេរកិច្ចទៅខេត្តកំពង់ចាមបានដឹកនាំក្រុមការងារសហការណ៍ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យទំនិញ បន្លែ ត្រី សាច់ និងម្ហូបអាហារ។
ការចុះត្រួតពិនិត្យទំនិញលើទីផ្សារនេះបានធ្វើឡើងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីជំនាញ សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើតេស្តបឋម (Test Kit) សរសៃមីធំ បាញ់កាញ់ សរសៃគុយទាយ បង្គា លើចំណីអាហារបរិភោគដើម្បីរកសារធាតុ ដែលនាំឱ្យគ្រោះថ្នាក់ដល់សុខភាព ព្រមទាំងត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនាំចូល។
លោកបន្តថា ដើម្បីធានាដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្ត ជាញឹកញាប់បានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយចុះត្រួតពិនិត្យ និងផ្សព្វផ្សាយឱ្យប្រប្រជាពលរដ្ឋ ទាំងអ្នកលក់ និងអ្នកទិញ បានយល់ដឹងពីផលប៉ះពាល់ដល់សុខភាព ចំពោះទំនិញម្ហូបអាហារ ដែលខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ និងគ្មានច្បាប់អនុញ្ញាត។ ជាក់ស្តែងនៅថ្ងៃនេះ មន្ត្រីជំនាញបានចុះមកធ្វើតេស្តបឋម(Test Kit) ទៅលើចំនីអាហារបរិភោគប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងផ្សារដើម្បីរកសារធាតុទៅលើ មឹក បង្គា សរសៃគុយទាវ សណ្តែកបណ្តុះ ជ្រួកស្ពៃ និងចំណីអាហារផ្សេងៗមួយចំនួនទៀត ។
មន្ត្រីកាំកុងត្រូលប្រមូលបាន កម្ទេចមី នំ ទឹកក្រូចដបតូចធំ ម្សៅគោជល់ និងមុខទំនិញចម្រុះជាច្រើនមុខទៀត៕