ប៉ោយប៉ែត ៖ វត្តមួយក្នុងចំណោម២៣វត្តនៅកណ្ដាលទីក្រុងរងការរិះគន់ពីអ្នកស្រុករួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត រងការរិះគន់គ្មានការអភិវឌ្ឍរួមទាំងពិធីបុណ្យទានធំៗស្ងាត់ខុសពីវត្តដទៃ ប្រៀបបានដូចជាវត្តនៅឆ្ងាយគ្មានមនុស្សរស់នៅ។ វត្តដែលរងការរិះគន់ពីសំណាក់ពលរដ្ឋថាគ្មានអភិវឌ្ឍន៍នោះគីមានឈ្មោះ វត្តបាលិលេយ្យ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ឋិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អ្នកស្រុកនិយាយគ្រប់គ្នាថា វត្តខាងលើនេះកកើតមុនវត្តផ្សេងៗក្នុងចំណោមវត្តទូទាំងក្រុងមានចំនួន២៣វត្តដោយវត្តទាំងនោះមានការកសាងរួចរាល់មានក្បាច់រចនាបទ្មដ៏ល្អប្រណីតដោយឡែកព្រះវិហារមួយត្រូវបានសាងសង់តាំងពីឆ្នាំ២០០១ ប៉ុន្តែហាក់ជាប់គាំងមិនទៅមុខម្តងធ្វើម្តងអត់ ។ ប្រសិនបើអ្នកធ្វើដំណើរធ្លាប់ឆ្លងកាត់ក្រុងប៉ោយប៉ែត អតីតស្រុកអូរជ្រៅ ឬឆ្លងទៅមកដីថៃ អ្នកណាក៏ស្គាល់ដែរ ។ រៀងរាល់ពេលដែលមានពិធីបុណ្យទានធំៗវត្តម្តងៗ មួយនេះពុំសូវមានពុទ្ធបរិស័ទចេញចូលនោះទេ ខុសប្លែកពីវត្តដទៃ ។អ្នកស្រុកបានលើកឡើងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ទាំងមូលហាក់បីដូចមិនមានការចាប់អារម្មណ៍មកលើវត្តនេះឡើយ ដោយមិនដឹងមូលហេតុអ្វីនោះទេពេលមានពិធីបុណ្យអ្វីមួយកើតឡើង ពេលក្រុមអ្នកសារព័ត៌មានសាកសួរនាំលើបញ្ហានេះតាអាចារ្យ និងពុទ្ធបរិស័ទនៅទីនោះមិនមានវាចារហាក់បីដូចជាលាក់លៀម ពិបាកក្នុងការបញ្ចេញមតិ ដេញដោលសួរគ្នាទៅវិញ។
ជុំវិញវត្តរងការរិះគន់ខាងលើនេះលោក ស៊ាន សេងហុក ប្រធានការិយាល័យធម្មការ និងសាសនាក្រុងប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទថា បញ្ហាវត្តបាលិលេយ្យ ដែលមិនអភិវឌ្ឍន៍មិនទៅមុខនោះ ព្រោះថា ចៅអធិការវត្ត និងគណៈកម្មការឬអាចារ្យ និងចៅអធិការវត្ត មិនចុះសម្រុងនឹងគ្នាដោយសារចៅអធិការវត្តមួយនេះ ធ្វើអ្វីមិនស្តាប់គេឯងជម្នះយកតែត្រូវអត្តនោម័តតែម្នាក់ឯង ទើបក្រុមគណៈកម្មការ និងចៅអធិការវត្តមួយនេះចាំមើលបំណាំគ្នា ទើបការកសាងមិនទៅមុខ។
សូមបញ្ជាក់ថា នៅក្នុងខែមករា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ប្រធានក្រុមហ៊ុនកាស៊ីណូ WINSOR អតីត PARADISH បានស្នើសុំជួយអភិវឌ្ឍន៍ដូចជាចាក់ដីចាក់បេតុង ដោយមើលឃើញពីការខ្វះខាតមិនតែប៉ុណ្ណោះប្រធានក្រុមហ៊ុនបានចុះពិនិត្យបរិវេណវត្ត និងវាស់វែងជាមួយក្រុមជំនាញសំណង់ខ្មែរថៃផងដែរ បែរជាចៅអធិការវត្តខាងលើបដិសេធមិនឱ្យកសាងទៅវិញ ធ្វើឲ្យគណៈកម្មការវត្ត និងអាជ្ញាធរមានការខឹងសម្បារយ៉ាងខ្លាំង ពីបញ្ហានេះផងដែរ។
ទាក់ទិនចៅអធិការវត្តបាលិលេយ្យ ព្រះនាម ជា សំបូរ ហៅ ជា គឹមយឿត ហៅ ម៉ៃ ថៃសាន់ មិនអាចសុំការបកស្រាយបានឡើយ ព្រោះថា លេខទូរស័ព្ទរបស់ ព្រះអង្គដែលអ្នកសារព័ត៌មានធ្លាប់ស្គាល់ មិនអាចទាក់ទងបាន៕