ភ្នំពេញ ៖ ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជាជប៉ុន (JCIA) បានជម្រាប ជូនដល់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថា អង្គការនិងក្រសួងសង្គមកិច្ចកម្ពុជា មានបំណង ចង់បញ្ជូនកម្មសិក្សាការីទៅធ្វើការបណ្តុះបណ្តាលនៅប្រទេសជប៉ុនខាងផ្នែកថែទាំមនុស្សចាស់។
ក្នុងជំនួបពិភាក្សាការងារនៅរសៀលថ្ងៃអង្គារ៍ ទី៦ ខែកុម្ភះនេះ រវាង ឯកឧត្តមបណ្ឌិតអ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈនិង លោក ហ្វូមីអូ យ៉ាម៉ាដា ប្រធានអង្គការសមាគមសហប្រតិបត្តិការ កម្ពុជាជប៉ុន បានបញ្ជាក់ការទាមទារចង់ឲ្យកម្មសិក្សាការីធ្វើការបណ្តុះបណ្តាលនៅប្រទេសជប៉ុន ដោយសារ ធនធានមនុសស្សផ្នែកថែទាំមនុស្សចាស់នៅជប៉ុនមានកម្រិតទាបនៅឡើយ បន្ទាប់មកកម្មសិក្សាការីក៍អាច យកជំនាញនេះមកប្រើប្រាស់នៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ កម្ពុជានឹងមានចំនួនមនុស្សចាស់កើនឡើង ដូចប្រទេសជប៉ុនដែរ ដូច្នេះក៍ត្រូវការអ្នកដែលមានសមត្ថភាពខាងថែទាំមនុស្សចាស់ដូចគ្នា។
លោកប្រធានអង្គបានលើកឡើងទៀតថា ទាក់ទងទៅនឹងសេវាថែទាំមនុស្សចាស់ ខាងអង្គការរបស់ លោកធ្វើយ៉ាងណាគៀងគរអ្នកវិនិយោគទុនរបស់ជប៉ុនមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ដូច្នេះគឺត្រូវការ ការសហការ និងការគាំទ្រពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាអោយបានច្រើនបន្តទៀត។
ឯកឧត្តមបណ្ឌិតអ៉ិត សំហេង បានឆ្លើយតបដល់ភាគីជប៉ុនថា កម្ពុជាកំពុងតែរៀបចំអភិវឌ្ឍអោយមាន ប្រព័ន្ធគោលនយោបាយ និងធនធានមនុស្សសម្រាប់សេវានេះ ដែលកន្លងមករដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យ ប្រើប្រាស់នូវគោលនយោបាយស្តីពីមនុស្សចាស់ ហេតុដូច្នេះ ក្រោមគោលនយោបាយនេះត្រូវការអភិវឌ្ឍនូវ ធនធានមនុស្សផ្នែកសេវាថែទាំមនុស្សចាស់នេះជាចាំបាច់។
ជាមួយគ្នានេះ ភាគីជប៉ុនបានបញ្ជាក់បន្ថែមថា ខាងអង្គការមិនត្រឹមតែខិតខំពន្លឿនទៅលើការបណ្តុះ បណ្តាលខាងធនធានមនុស្សទេ គឺនឹងផ្តល់ខាងគ្រូបង្គោលដើម្បីហ្វឹកហាត់ទៅដល់កម្មសិក្សាការីផងដែរ។ កម្ម សិក្សាការីថែទាំមនុស្សចាស់វាខុសប្លែកពីកម្មសិក្សាការីផ្សេងៗទៀត គឺតម្រូវអោយគាត់ចេះភាសាជប៉ុនឲ្យបាន ច្រើនដើម្បីងាយស្រួលទំនាក់ទំនង ព្រោះកិច្ចការងារនេះធ្វើរវាងមនុស្សនិងមនុស្ស ដែលអាចមានបញ្ហាខ្លះនឹង កើតមានឡើងកំឡុងពេលធ្វើកិច្ចការនេះ៕