ភ្នំពេញ៖ កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រផលិតស្បែកជើង ហ្លយវីន ជាង៣០០នាក់ បានប្រមូលផ្ដុំគ្នាឈរតវ៉ាទាមទារសុំឈប់សម្រាកចំនួន៧ថ្ងៃនាឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិតែខាងក្រុមហ៊ុនអនុញ្ញាតឱ្យតែ៣ប៉ុណ្ណោះ។
ការតវ៉ាទាមទារបានកើតឡើងកាលពីព្រឹកថ្ងៃទី១២កញ្ញានេះស្ថិតនៅក្នុងបរិវេណរោងចក្រ ហ្លយវីនផលិតស្បែកជើងតាមផ្លូវលំ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
កម្មកររោងចក្រខាងលើមួយរូបដែលមិនប្រាប់ឈ្មោះ បានឲ្យដឹងថា រោងចក្រខាងលើ មានកម្មករសរុបចំនួនជាង៣០០នាក់ ក្នុងនោះមានបុរសចំនួន៦០នាក់ ហើយនៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ កម្មករបាននាំគ្នាប្រមូលផ្តុំធ្វើការតវ៉ាទាមទារពីថៅកែរោងចក្រឈប់សម្រាកនាថ្ងៃបុណ្យភ្ជុំបិណ្ឌចំនួន៧ថ្ងៃ ដោយអះអាងថា បងប្អូនកម្មករមួយចំនួនគាត់មានទីលំនៅស្រុកឆ្ងាយៗជួបការលំបាកក្នុងការធ្វើដំណើរទៅមក ម្ល៉ោះហើយទើបសុំឈប់រហូតដល់ទៅ៧ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែកញ្ញា រហូតដល់ថ្ងៃទី២៧ ខែកញ្ញា លុះថ្ងៃទី២៨ ទើបចូលធ្វើការជាធម្មតាវិញ។ ហើយរយះពេល បងប្អូនកម្មករ រោងចក្រខាងលើ ឈប់នេះទៀតសោត ស្នើរសុំឲ្យភាគីរោងចក្រកុំកាត់លុយឈ្នួលពីកម្មករ។
បើតាមតំណាងរោងចក្រខាងលើបានលើកឡើងថា យោងទៅតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: លេខ២៨៣ បក/ប្រក. ចុះថ្ងៃទី០៧ ខែវិខ្ឆិកា ឆ្នាំ២០១៣ ស្តីពីការឈប់ថ្ងៃបុណ្យ ដែលត្រូវបានប្រាក់ឈ្នួល ហើយក្រសួងក៏បានចេញសេចក្តីជូនដំណឹងផងដែរសម្រាប់ឈប់ថ្ងៃបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៤នេះ មាន៣ថ្ងៃ គឺថ្ងៃទី២២-២៤ ដោយមិនកាត់ប្រាក់ឈ្នួលរបស់កម្មករឡើយ។
ប៉ុន្តែកម្មកររោងចក្រ ហ្លយវីន វិញ សុំឈប់រហូតដល់ទៅ៧ថ្ងៃឯនោះ ហើយមិនឲ្យកាត់ប្រាក់ឈ្នួលទៀត ដែលធ្វើឲ្យភាគីខាងរោងចក្រ មិនទទួលយកបាន តែបើក្នុងករណី ឈប់លើសពី៣ថ្ងៃ ដែលក្រសួងការងារកំណត់នោះ ខាងក្រុមហ៊ុនកាត់ប្រាក់ឈ្នួល៥០ភាគរយ។
ទោះបីភាគីខាងរោងចក្រ ប្រកាន់នូវជំហរសុំកាត់លុយ៥០ភាគរយ កាលបើកម្មករឈប់សម្រាកពីការងារ លើសពី៣ថ្ងៃ នាឱកាសថ្ងៃបុណ្យភ្ជុំ តែភាគីខាងកម្មករ មិនយល់ស្រប នៅតែទាមទារឈប់រហូតដល់៧ថ្ងៃ និងមិនកាត់ប្រាក់ឈ្នួល។
តាមសម្តីបុរសម្នាក់ មិនប្រាប់ឈ្មោះ ដែលតាំងខ្លួន ជាតំណាងសហជីព តែមិនប្រាប់ឈ្មោះ បានលើក ឡើងយ៉ាងខ្លីថា គេដឹកនាំបងប្អូនកម្មកររោងចក្រខាងលើ ធ្វើការទាមទារ នូវថ្ងៃឈប់បុណ្យភ្ជុំ ចំនួន៧ថ្ងៃ មិនកាត់ប្រាក់ឈ្នួលពីថៅកែរោងចក្រ។ការទាមទារ របស់កម្មករខាងលើអស់រយៈពេល១ព្រឹក នៅតែមិនទាន់មានដំណោះស្រាយណាមួយនៅឡើយ៕
កម្មកររោងចក្រផលិតស្បែកជើងហ្លយវីន ប្រមូលផ្តុំទាមទារថៅកែសម្រាកថ្ងៃបុណ្យភ្ជុំ៧ថ្ងៃ