ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែកុម្ភៈ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ដោយហាមប្រាមចំនួន៣ចំណុច។
យោងតាមសេចក្ដីណែនាំដដែល មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជន មិនត្រូវធ្វើរឿង ៣យ៉ាងដូចខាងក្រោម៖
• ការដុតផាវ កាំជ្រួច ឬ បង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ
• ការលេងល្បែងគ្រប់ប្រភេទ ដែលមានលក្ខណៈស៊ីសង
• ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬ ប្រពៃណីដែលគ្មានការអនុញ្ញាត។
សេចក្ដីណែនាំដដែល បានលើកឡើងថា អាជ្ញាធរនឹងចាត់វិធានការចំពោះសកម្មភាពទាំងឡាយផ្ទុយនឹងការរៀងរាប់ខាងលើ និងដកហូតវត្ថុទាំងនេះ ដែលមានលក់នៅទីតាំងក្នុងរាជធានី។ សម្រាប់ជនដែលបំពាន នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន៕