ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ត្រូវគេប្រទះឃើញ នៅផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែ ដោយមិននិយាយស្តីអ្វីទាំងអស់សង្ស័យត្រូវជនខិលខូចដាក់ថ្នាំយករបស់របរនិងគ្រឿងអលង្ការ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចក្នុងផ្សារសាំហាន់ក្នុងសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
នារីរូបនោះមានអាយុប្រមាណ២០ឆ្នាំ នៅលើដៃរបស់នាងឃើញឱបរូបតុកត្តាខ្លាឃ្មុំពណ៌ផ្កាឈូកមួយ។បន្ទាប់ពីមានការព្យាយាមសួរនាំពីបងប្អូនប្រជាពលរដ្ឋ និងអាជីវករ នាងបានសរសេរដាក់ក្រដាសថា ឈ្មោះ ថាន គន្ធា ហៅស្រីនីត ស្នាក់នៅភូមិជ្រេស ឃុំជ្រេស មិនដឹងស្រុកខេត្តអ្វីនោះទេមានឪពុកឈ្មោះ ថាន និងម្តាយឈ្មោះ នួន។
ប្រភពព័ត៌មានពីសន្តិសុខផ្សារធំទួលសង្កែ ហៅ
ផ្សារសាំហាន់ ម្នាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញមានគេដឹកនាងតាមរ៉ឺម៉កកង់បីមកទុកចោលនៅមុខផ្សារសាំហាន់ តាំងពីវេលាម៉ោងជាង១១ថ្ងៃត្រង់ម្លេះ ដោយពុំមាននរណាចាប់អារម្មណ៍ឡើយ ក្រោយមកនាងបានដើរចូលផ្សារម្តងឈរ ម្តងអង្គុយនៅខាងមុខតូបអាជីវករក្នុងផ្សារ ហើយទោះបីមានគេសួរនាំក៍មិននិយាយស្តីដែរ។លុះក្រោយមកបង្កការភ្ញាក់ផ្អើលតែម្តង។ដោយសារមិននិយាយស្តីប្រជាពលរដ្ឋគេមានការសង្ស័យថាត្រូវថ្នាំសណ្តំ។
ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ នាំមកសួរនាំនៅរង់ចាំសាច់ញាតិមកទទួលយកត្រឡប់ទៅវិញ៕