សង់​ព្រះ​ភូមិ​ដើម្បី​សុំ​សេចក្តីសុខ​ក្រោយ​ពេល​សិស្ស​ដួលសន្លប់​នៅ​អនុវិទ្យាល័យ​សន្តិភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2018 ក+ ក-

​ខេត្ត​ប៉ៃលិន​៖ ស្រប​ពេលដែល​មានការ​ដួលសន្លប់ របស់​សិស្សានុសិស្ស​ជាច្រើន​នាក់ នៅ​អនុវិទ្យាល័យ​សន្តិភាព ព្រមទាំង​ការពិនិត្យ និង​ព្យាបាល​របស់​គ្រូពេទ្យ​ជំនាញ រក​មិនឃើញ​ពី​មូលហេតុ នៃ​ការដួលសន្លប់​នោះ អាជ្ញាធរ​ឃុំ​ស្ទឹង​កាច់ និង​លោកគ្រូ អ្នកគ្រូ ដែលមាន​ជំនឿ​រលើ​ខ្មោច​ព្រាយ​បី​សាយ បានរៀបចំ​ពិធីសែនព្រេន ព្រមទាំង​ដាក់​ព្រះ​ភូមិ ដើម្បី​សុំ​សេចក្តីសុខ ក្នុង​សាលារៀន នា​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិតក្នុង​បរិវេណ​សាលា​អនុវិទ្យាល័យ​សន្តិភាព ក្នុងភូមិ​ដូង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

បើតាម​លោក កង ថេ​ង មេឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដែល​ចូលរួម​ក្នុង​កម្មវិធី​ខាងលើ បាន​មានប្រសាសន៍​ឲ្យ​ភ្នាក់ងារ​យើង​ដឹងថា​៖ ដោយសារ​តែមាន​ជំនឿ​រលើ​អា​រ័ក្ស​អ្នកតា ព្រមទាំង​លឺ​សិស្សសាលា​និយាយ​តៗ​គ្នា ថា​មាន​ខ្មោច​ព្រាយ​បី​សាយ​នៅក្នុង​សាលា ដែល​បង្ក​ឲ្យ​មានការ​ដួល​សន្ល​ប​របស់​សិស្ស​នោះ អាជ្ញាធរ​ឃុំ និង​លោកនាយក​សាលា ព្រមព្រៀងគ្នា រៀបចំ​ពិធីសែនព្រេន ព្រមទាំង​ដំឡើង​ព្រះ​ភូមិ ក្នុង​បរិវេណ​សាលា ដើម្បី​សុំ​សេចក្តីសុខ​ចំរើន ដល់​សិស្សានុសិស្ស ដែល​សិក្សា​នៅទីនេះ ។ លោក បាន​បន្តថា​៖ បើតាម​ការ​ប្រាប់​ពី​ពលរដ្ឋ​ជុំវិញ​សាលា​និយាយប្រាប់​លោក​ថា ការសាងសង់​សាលា​ថ្មី នៅក្នុង​បរិវេណ​សាលា​ចាស់ មុន​និង​ធ្វើ​គឺ​ពុំមាន​ការរៀបចំ​សែនព្រេន សុំ​សេចក្តីសុខ​ឡើយ ហើយ​ប្រការនេះ​ប្រហែលជា​ធ្វើ​លើផ្ទះ ដែល​គេ​(​ខ្មោច​ព្រាយ​បី​សាយ​)​រស់នៅ ។ ប៉ុន្តែ​ប្រការ​ខាងលើនេះ លោក​មិនសូវមាន​ជំនឿរ​នោះទេ លោក​គិតថា ប្រហែល​មកពី​មាន​ការលក់​របស់រប​រ ប៉ះពាល់​សុខភាព​ណាមួយ ។ ជាមួយគ្នានេះ​ដែល លោក​បាន​បញ្ជាក់ថា ក្រោយពី​រៀបចំ​ពិធីសែនព្រេន ដាក់​ព្រះ​ភូមិ​ឲ្យ​គេ​(​ខ្មោច​)​ហើយ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ សិស្សានុសិស្ស និង​មក​ចូលរៀន​ជាធម្មតា​វិញ ហើយ​ចំ​មើល តើ​មាន​អ្វី​កើតឡើង​នៅ​ទីនោះ​ទៀត ។

សូមបញ្ជាក់ថា​៖ កាលពី​ថ្ងៃទី​៦ ទី​៧ ខែកុម្ភៈ កន្លងទៅ សិស្សានុសិស្ស​នៃ​សាលា​អនុវិទ្យាល័យ​សន្តិភាព ស្ថិតក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មានការ​ដួលសន្លប់ ដោយ​មិនដឹង​មូលហេតុ រហូតមកដល់​ថ្ងៃនេះ ដែល​ពលរដ្ឋ​នៅ​តំបន់​នេះ​សង្ស័យថា មាន​ខ្មោច​ព្រាយ​បី​សាយ មក​លងបន្លាច​ពួកគេ​(​សិស្ស​)​នៅក្នុង​បរិវេណ​សាលា រហូតដល់​នាយក​សាលា​សម្រេច​ផ្អាក់​ការសិក្សា របស់​សិស្ស​រយៈពេល​២ ទៅ​៣​ថ្ងៃ​ផងដែរ ៕