វាយ​សម្លាប់​បុរស​ម្នាក់​គំនុំ​រឿង​ស៊ីដាច់​លុយ​ទិញ​លក់​ឈើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2018 ក+ ក-

​ខេត្តក្រចេះ ៖ ក្រោយពី​មាន​ករណី​ឃាតកម្ម វាយ​សម្លាប់​លើ​បុរសរងគ្រោះ រស់នៅក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ពី​ជន​មិន​ស្គាល់មុខ បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ក្រោយពី​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត នគរបាល​ក្រុង​ក្រចេះ បាន​អះអាងថា ករណី​ឃាតកម្ម​មួយ​នេះ គឺ​នគរបាល កំណត់​បាន​លើ​មុខសញ្ញា​របស់​ជនដៃដល់​អស់​ទៅហើយ​ដែរ​។​

​បើទោះជា​បែបណា​ក្រោយពី​បាន​បង្កហេតុ​វាយ​សម្លាប់ ទៅលើ​បុរសរងគ្រោះ​ម្នាក់ ឈ្មោះ រស់ ធឿន អាយុ​៤២​ឆ្នាំ បណ្តាលឱ្យ​ស្លាប់​នៅ​និង​លំនៅឋាន​មួយ ដែលមាន​ទីតាំង នៅក្នុង ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ រួចមក​នោះ ជនសង្ស័យ​ដៃដល់​បានគេច​ខ្លួន និង​មិន បាន​បន្សល់ទុក​វត្ថុតាង​អ្វីមួយ​នោះដែរ​។​

​អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ លោក​អនុសេនីយ៍ឯក អ៊ីវ សុខ​រ៉ា​ន់ បានបញ្ជាក់​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៩​ខែមករា​នេះ​ថា ជនរងគ្រោះ ត្រូវបាន​ជនដៃដល់​ប្រដាប់​ដោយ​វត្ថុ​រឹង បាន​លួច​វាយ​ចំក្បាល បណ្តាលឱ្យ​ប្រកាច់​និង​បាន​ស្លាប់​ក្រោយពី​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលពី​ព្រលប់​ថ្ងៃទី​៧​ខែមករា​។​

​លោក​បាន​បន្តថា ក្រោយ​ការចុះ​ស៊ើបអង្កេត​បាន​ពិនិត្យឃើញថា មូលហេតុ​ឱ្យមាន​អំពើ​វាយ​សម្លាប់ មួយ​ករណីនេះ​គឺ​ផ្តើមចេញពី​រឿង​គំនុំ​ជំពាក់​លុយ​គ្នា​ទៅវិញទៅមក ក្នុង​មុខរបរ​ជំនួញ​ទិញ​លក់​ឈើ រវាង​ជនរងគ្រោះ​ជាមួយនិង​ជនដៃដល់​។​តែ​នគរបាល​អះអាងថា ជនសង្ស័យ​ត្រូវបាន​កំណត់ លើ​មុខសញ្ញា​ហើយក៏​កំពុងតែ​បើក​ការស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ផងដែរ ៕