ត្បូងឃ្មុំ ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់បញ្ជារដ៏តឹងរឹងមួយ ដែលមិនអនុញ្ញាតអោយ រថយន្ត តទ្រុង រឺដឹកលើសទម្ងន់ បើកបរលើផ្លូវទៀតនោះទេ! ការបញ្ជារនេះ គឺដើម្បីធានាសុវត្ថិភាពចរាចរណ៌តាមដងផ្លូវ និងធានាកុំអោយផ្លូវខូចខាត ។ ជាមួយនោះ សម្តេច ក៨បានព្រមានដកតំណែងអភិបាលខេត្តណាដែលមិនអើពើបណ្តែតបណ្តោយឱ្យកើតមាននូវរថយន្តតទ្រុងធ្វើចរាចរណ៍ដែលបង្កឱ្យខូចខាតផ្លូវផងដែរ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជារយ៉ាង តឹងរឹងមួយ ដែលកំណត់មិនអនុញ្ញាតអោយរថយន្តដឹកទំនិញលើសទម្ងន់ និងរថយន្តតទ្រុង ខុស បច្ចេកទេស ធ្វើការបើកបរនៅលើផ្លូវសាធារណៈទៀត នោះទេ។ ដែលការចេញបញ្ជារ កណ្តាប់ដៃ ដែករបស់ប្រមុខរាជរដ្ឋាភិបាលនេះ នឹងត្រូវអនុវត្តជាដាច់ខាតចាប់ពីថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៨ តទៅ ដើម្បីធានាសុវត្ថិភាពចរាចរណ៌របស់ប្រជាពលរដ្ឋ និងធានាកុំអោយផ្លូវខូចដោយសារ រថយន្ត ទាំងនោះ។
សម្តេចតេជោ បានបញ្ជាក់ច្បាស់ថា នឹងត្រូវមានកិច្ចប្រជុំរវាងក្រុមហ៊ុនដែលមានរថយន្តដឹកទំនិញទាំងអស់ពីរឿងនេះ ហើយបើក្រុមហ៊ុនណាមិនអនុវត្តតាមវិធានការនេះ នឹងអាចត្រូវបិទក្រុម ហ៊ុន នោះតែម្តង។
ទន្ទឹមនឹងការដាក់ចេញបទបញ្ជារដ៏តឹងរឹងលើរថយន្តដឹកទំនិញ និងរថយន្តកែច្នៃខុសបច្ចេកទេសនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានអំពាវនាវ ដល់អ្នកបញ្ជារយានយន្ត គ្រប់ប្រភេទ ត្រូវ មានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន និងគោរពច្បាប់ចរាចរណ៌ផងដែរ ដើម្បី កុំអោយកើតមាន គ្រោះថ្នាក់ ចរាចរណ៌។ សម្តេចតេជោ បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៌ បានបង្កអោយមានអ្នកស្លាប់ និង របួសជាច្រើនរៀងរាល់ថ្ងៃ។ ដែលបញ្ហានេះ មិនមែនគ្រាន់តែជាភារកិច្ចទទួលខុស ត្រូវរបស់ ក្រសួង សាធារណៈការ និងដឹកជញ្ជូនរួមនិងគណៈកម្មការសុវត្ថិភាពចរាចរណ៌ផ្លូវគោកទេ តែក៏ជាការ ទទួល ខុសត្រូវរបស់អ្នកបញ្ជាយានយន្តផងដែរ។ ជាពិសេសស្របពេលពិធីបុណ្យចូលឆ្នាំចិនដែល ខិតជិតចូលមកដល់នាពេលខាងមុខនេះ សម្តេចតេជោ បានលើកឡើងថា កុំអោយដូច ពាក្យ ថា ចូលឆ្នាំចិនស្រវឹងខ្មែរ ដែលក្នុងនោះ សម្តេចក្រើនរំលឹកថា សូមកុំបើកបរនៅពេលស្រវឹង៕