ជនជាតិ​ចិន​ប្រុស​ស្រី​២​ត្រូវបាន​ចោរឆក់​ទូរស័ព្ទ​ពេល​កំពុង​ឈរ​ឆែក​មើល​ផែនទី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2018 ក+ ក-

​ភ្នំពេញ ៖ ជនជាតិ​ចិន​ប្រុស​ស្រី​២​នាក់​ត្រូវបាន​ចោរ​ឆក់យក​ទូរស័ព្ទដៃ​ម៉ាក iphone7plus បានសម្រេច​រួច​គេចខ្លួន​បាន​ដោយ​សុវត្ថិភាព ខណៈពេលដែល​ជនជាតិ​ចិន​ទាំង​២​នាក់​នោះ​ឈរ​ឆែក​មើល​ផែនទី ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១៖៤៥​នាទី​ថ្ងៃត្រង់​ទី​៩​ខែកុម្ភៈ​ឆ្នាំ​២០១៨ នៅមុខ​សារមន្ទីរ​ប្រ​វត្ត​សាស្ត្រ​គុក​ទួលស្លែង ដែល​ស្ថិតនៅក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនជាតិ​ចិន​ប្រុស​ស្រី​ទាំង​២​នាក់ (​ជនរងគ្រោះ​) បាន​ដើរ​បណ្តើរគ្នា ពេលមកដល់​ជិត​មកដល់​សារមន្ទីរ​គុក​ទួលស្លែង ក៏បាន​ឈប់​ចុច​ទូរស័ព្ទដៃ​ម៉ាក iphone7plus ដើម្បី​ឆែក​រកមើល​ផែនទី ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​នោះ​តែម្តង​រួច​គេចខ្លួន​បាត់ស្រមោល​។​

​សូមបញ្ជាក់ថា ភាព​អសកម្ម​នេះ​តែងតែ​ឮ​ចោរឆក់​ជនបរទេស​១​ថ្ងៃ​៣​ដង​ក៏មានដែរ ហើយ​នៅ​ទីតាំង​ខាងលើនេះ​ជា​កន្លែង​ស​ម្រូ​រ​ទៅដោយ​ដោយ​ភ្ញៀវ​ទេសចរណ៍ បែរជា​កើតឡើង​ញឹកញាប់​នៃ​សកម្មភាព​ឆក់​ទាំង​ស្ត្រី​ខ្មែរ​ទាំង​ស្ត្រី​បរទេស (​គោលដៅ​គឺ​ចាំ​ឆក់​ជនបរទេស​តែម្តង ឲ្យ​តែ​មក​ថ្មី​មើល​នាយ​មើល​អាយ​) ។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ប្រុស​ស្រី​ទាំងពី​នាក់​បាននាំគ្នា​ទៅកាន់​ប៉ុស្តិ៍នគរបាល​ដើម្បី​ដាក់ពាក្យ​បណ្តឹង ក្រែង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​តាម​ចាប់​ជនសង្ស័យ​មក​ផ្តោ​ន្ទា​ទោស​ទៅតាម​ច្បាប់​៕