សៀមរាប ៖ អភិបាលរងខេត្តសៀមរាប លោកពៅ ពិសិដ្ឋ បានឲ្យដឹងថា នៅដើមខែកុម្ភៈ ឆ្នាំ២០១៨នេះ ការិយាល័យច្រកចេញចូលតែមួយថ្នាក់ខេត្ត នឹងចាប់ដំណើរការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។
ថ្លែងនៅក្នុងអង្គប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី២ ថ្ងៃទី០៩ ខែមករានេះ លោកពៅ ពិសិដ្ឋ អះអាងថា ការិយាល័យច្រកចេញចូលតែមួយនេះ នឹងជួយសម្រួលដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ។ លោកបន្តថា រហូតមកដល់ពេលនេះការិយាល័យនេះ បានរៀបចំរួចរាល់ហើយ នៅសល់តែការងារ បំពាក់សម្ភារៈការិយាល័យប៉ុណ្ណោះ។
សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាបនេះ គឺធ្វើឡើងដើម្បីពិនិត្យ និងអនុម័តនូវរបៀបវិរៈចំនួន៤ និងមានការប្រកាសសមាជិកក្រុមប្រឹក្សាខេត្តថ្មី០៤រូបដែលជំនួសសមាជិកក្រុមប្រឹក្សាខេត្តចាស់ មកពីបក្សង្គ្រោះ ដែលត្រូវរំលាយដោយអំណាចសាលដីកាតុលាការកំពូល។
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម បណ្ឌិត នូ ផល្លា បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ ដោយបានកោតសរសើរចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានអនុវត្តការងាររយៈពេលមួយឆ្នាំកន្លងមកនេះ។ ទន្ទឹមគ្នា ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវខិតខំបន្ថែមទៀត នៅក្នុងការបម្រើប្រជាពលរដ្ឋ និងឲ្យបានស្មើភាពគ្នា៕