ខេត្តព្រះសីហនុ៖ ខណៈវិស័យដឹកជញ្ជូនភ្ញៀវទេសចរណ៍ក្នុងខេត្តព្រះសីហនុកំពុងមានសន្ទុះកើនឡើងគួរឲ្យកត់សំគាល់ ដោយខេត្តបានចែកចេញជា ជលយានប្រភេទក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តក្នុងតំបន់ឬបន់រមណីយដ្ឋានតាមកោះនានា ក្នុងខេត្តព្រះសីហនុជាពិសេស កោះរុង និងកោះរុងសន្លឹម។ ជាក់ស្ដែងមានក្រុមហ៊ុនមួយឈ្មោះ ស្ពិតបូត មិនឱមារ្ស (SPEED BOAT MIN ORMAX) កំពុងរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរដោយសាងសង់សំណង់កំពង់ផែ លយចូលឆ្នេរសមុទ្ររាប់សិបម៉ែត្រស្ថិតនៅ ភូមិ៣ សង្កាត់លេខ១ (រំដួលជើងភ្នំ) ក្រុង.ខេត្តព្រះសីហនុ។
បើតាមម្ចាស់ការដ្ឋានសំណង់ឥតច្បាប់មួយនេះ បានប្រាប់អ្នកសារព័ត៌មានថា ពិតជាការដ្ឋានរបស់លោកពិតប្រាកដមែន តែការសាងសង់នេះលោកធ្វើជាផែជួសជុល អូប័រ តែប៉ុណ្ណោះ បើរដ្ឋ ត្រូវការដីនេះយកទៅអភិវឌ្ឍន៍អ្វីផ្សេង លោកមិនជំទាស់នោះទេ
ហើយចំពោះអ្នកសារព័ត៌មានចង់ចុះផ្សាយរឿងនេះក៏ផ្សាយចុះ ម៉ាសេរី លោកមិនខ្វល់ច្រើននោះទេ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០១៨ មានក្រុមការងារខេត្តដឹកនាំដោយលោក លី វាន់ដា ប្រធានក្រុមការងារគ្រប់គ្រងតំបន់ឆ្នេរខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទដោយសហការណ៍ជាមួយអាជ្ញាធរក្នុងមូលដ្ឋាន ចុះទៅធ្វើការពិនិត្យទីតាំងដីមួយកន្លែង ដែលម្ចាស់បានសាងសង់ផែ លយចូលសមុទ្រ និងបានរៀបខឿនថ្មត្រៀមចាក់ដី។
ក្នុងពេលចុះនោះក្រុមការងារបាននិពិត្យ និងសាកសួរម្ចាស់ទីតាំង រកឃើញថា ការដ្ឋានមួយនេះមិនមានច្បាប់អនុញ្ញាតនោះទេ។បច្ចុប្បន្ននេះ ការដ្ឋានត្រូវ លោក លី វាន់ដា ប្រធានក្រុមការងារគ្រប់គ្រងតំបន់ឆ្នេរ សំរេចធ្វើកំណត់ហេតុដោយ ហាមឃាត់មិនឱ្យសាងសង់បន្តទៀតនោះឡើយ ដោយតំរូវម្ចាស់សំណង់ទៅសូមច្បាប់ឱ្យបានត្រឹមត្រូវសិន។ក្នុងករណី បើម្ចាស់សំណង់នៅតែរឹងទទឹងមិនស្តាប់តាមការណែនាំ ហើយនៅតែលួចធ្វើសកម្មភាពសាងសង់បន្តទៀតនោះ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់។
គួររំលឹកផងដែរថា កន្លងមក លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ធ្លាប់បានថ្លែងជារឿយៗថា (ចំពោះសំណង់ណាដែលសាងសង់រំលោភលើឆ្នេរសមុទ្រ ទោះសំណង់នោះមានសភាពតូចតាច ឬ ធំ ដូចជាកន្លងមកនៅឆ្នេរអូរត្រេះ ជាដើម ត្រូវតែហាមឃាត់និងវាយកម្ទេចចោល ហើយច្បាប់ក៏មិនអនុវត្តន៍ច្បាប់ចំពោះតែប្រជាពលរដ្ឋនោះទេ គឺត្រូវតែស្មើភាពគ្នា មិនថា អ្នកមានលុយ និងមានអំណាចនោះឡើយ។លោកអភិបាលខេត្ត ក៏បានបន្ថែមថា សំណង់ដែលត្រូវបានថ្នាក់ដឹកនាំខេត្តទទួលស្គាល់ឲ្យសាងសង់មានតែមួយប៉ុណ្ណោះ ស្ថិតនៅ អូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានរួចមកហើយ ដោយមិនមានការអនុញ្ញាតឲ្យមានការសាងសង់ផែ ឬសំណង់រំលោភនៅចំណុចឆ្នេរណាទៀតទេ។
ចំពោះបញ្ហាសំណង់រំលោភច្បាប់សង់លើឆ្នេរសមុទ្រនេះ ប្រជាពលរដ្ឋកំពុងរង់ចាំមើលពីការអនុវត្តន៍ច្បាប់របស់សាលាខេត្តព្រះសីហនុ បើទោះបីជាពេលនេះត្រូវបានកំណត់ឲ្យធ្វើការផ្អាកជាបណ្ដោះអាសន្នចំពោះការសាងសង់នេះហើយក៏ដោយ៕