ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិទ្ធ បានបញ្ជាក់ថា ប្រទេសកម្ពុជា នឹងទទួលជំនួយ ចំនួន ២៧លានដុល្លារ ពីទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ ជប៉ុន ហៅកាត់ថា (JICA) ដើម្បីសាងសង់រោងចក្រ ចម្រាញ់ទឹកស្អុយជំហានទី១ នៅតំបន់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាន នៅក្នុងពិធីបញ្ជ្រាបផ្សព្វផ្សាយ អំពីប្រព័ន្ធលូ រាជធានីភ្នំពេញ ដែលរៀបចំដោយ មន្ទីរសាធារណការ និងដឹកជញ្ជូន និងក្រុងឃីតាឃ្យូស្យ៊ូ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ លោក សាំ ពិសិទ្ធ បានមានប្រសាសន៍ថា “កម្ពុជានឹងទទួល បានគម្រោងJICAដើម្បី សាងសង់រោងចក្រ ចម្រាញ់ទឹកស្អុយជំហានទីមួយ ដែលមានទឹកប្រាក់ប្រមាណ ២៧លានដុល្លារ នៅជើងឯក ”។
លោកបន្ដថា ជំហានទី១ មានន័យថា កម្ពុជានឹងសាងសង់រោងចក្រ ចម្រាញ់ទឹកស្អុយ តាម ការអនុម័តកម្ពុជាទទួលបានភ្លើងខៀវ ហើយតាមនីតិវិធីច្បាប់របស់កម្ពុជា អាចប្រើប្រាស់រយៈពេល រហូតដល់ឆ្នាំ២០១៩ខាងមុខ។
លោកអះអាងថា រាជធានីភ្នំពេញ ពុំទាន់មានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីសម្អាត ទឹក កខ្វក់ មុននឹងបង្ហូរចូលទន្លេ ឬ បឹងបួរនៅឡើយទេ ដែលជាហេតុ ធ្វើឲ្យមានការបំពុលទឹកទន្លេ និង បឹងបួរមួយចំនួន នៅប៉ែកខាងត្បូង និងខាងជើងរាជធានីភ្នំពេញ។
ឆ្លៀតឱកាសនេះផងដែរ ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្ថែម ថា បច្ចុប្បន្ន នៅរាជធានី ភ្នំពេញមានប្រព័ន្ធបង្ហូរទឹកភ្លៀង មានដូចជា បណ្ដាញលូមូល លូប្រអប់ លូជ្រុង គ្រប់ប្រភេទ និងទំហំប្រមាណ៧៣២.៣១២ ម៉ែត្រ ,អណ្ដូងលូគ្រប់ប្រភេទ និងទំហំចំនួន ៤៤.៨០៧ អណ្ដូងលូ ,ប្រឡាយចំហរបង្ហូរទឹកភ្លៀង និងទឹកកខ្វក់សរុបប្រវែង ៥៩.៥៤៩ម៉ែត្រ ក្នុងនោះប្រឡាយបេតុង ប្រវែង៣.៥៥៦ម៉ែត្រ ,ស្ថានីយបូមទឹកជំវិញទីក្រុងចំនួន១៣ស្ថានីយ៕