ព្រះសីហនុ ៖ ស្ត្រីវ័យ៥៣ឆ្នាំម្នាក់ ត្រូវបានបុរសជាប្តី កាប់ដោយកាំបិតផ្គាក់ចំគុម្ពត្រចៀក បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈកំពុងអង្គុយអាំងភ្លើងពេលអាកាសធាតុធ្លាក់ចុះត្រជាក់ កាលពីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះ សីហនុ។
បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះ សីហនុ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា នៅ អាយុ៥២ឆ្នាំ ត្រូវជាប្តី និងជាជនដៃដល់ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ សាក់ ស្រី យុ៥៣ឆ្នាំ មុខរបរកសិករ ។ ក្នុងថ្ងៃកើតហេតុ ជន សង្ស័យបានយកកាំបិតផ្គាក់ដើរទៅកាប់ស្ត្រីជាប្រពន្ធដែលកំពុងអង្គុយអាំងភ្លើងពេលអាកាសធាតុធ្លាក់ចុះត្រជាក់ នៅមុខផ្ទះរបស់ខ្លួនត្រូវចំគុម្ពត្រចៀកខាងស្តាំរបួសយ៉ាងធ្ងន់ធ្ងរ ហើយបានប្រកាច់ ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។
ក្រោយពេលកាប់ប្រពន្ធស្លាប់ហើយ ជនសង្ស័យ បានលើកប្រពន្ធទៅដាក់លើផ្ទះ បង្កឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកជិតខាងឃើញដូច្នេះ ក៏បានទូរស័ព្ទរាយការណ៍ទៅប្រាប់សមត្ថ កិច្ច តែម្តង ។
តាមចម្លើយសារភាពរបស់ជនដៃដល់ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យខ្លួនសម្រេចចិត្ត កាប់សម្លាប់ប្រពន្ធនាពេលនេះ ដោយសារតែកាលពីអតីតកាល ប្រពន្ធរបស់ខ្លួនធ្លាប់បានកាប់លើ រូបខ្លួនដែរពេលឈ្លោះប្រកែកគ្នាក្នុងគ្រួសារ ហើយកំហឹងនេះបានចងគំនុំរហូតមកដល់ បច្ចុប្បន្ន ។ បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនដៃដល់មានសតិមិនប្រក្រតី។
បន្ទាប់ពីបានទទួលដំណឹងពីប្រជាពលរដ្ឋរស់នៅជិតខាងជនរងគ្រោះយ៉ាងដូច្នេះ កម្លាំងរបស់ អធិការដ្ឋាននគរបាលស្រុកកំពង់សិលា បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យក្នុងពេល នោះ តែ ម្តង ហើយបានដកហូតយកវត្ថុតាងកាំបិតផ្គាក់ដងឈើ១ដើម ប្រវែង១ម៉ែត្រ និងបានរៀបចំ កសាង សំណុំរឿងដើម្បីបញ្ជូនមកស្នងការខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីបន្ត៕