ថៃ ៖ ស្ត្រីជាពលករខ្មែរម្នាក់មានវ័យជាង៤០ឆ្នាំនិងជាពលករបម្រើការងារនៅទីក្រុងបាងកកប្រទេសថៃបានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលស្ត្រីរូបនេះបានឡើងទៅលើអគារជាន់ទី៤ ដែលគេកំពុងកសាង
ដើម្បីធ្វើការសំអាត ហើយក៏បានភ្លាត់ជើងធ្លាក់មកដីតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងតំបន់ រ៉ាមខាំហែង ដែលជាកន្លែងកំពុងសាងសង់អគារកំពស់៧ជាន់ត្រង់ចំណុចផ្លូវប្រសព្វលេខ ២៤ និង ២៨ ក្នុងទីក្រុងបាងកក ប្រទេសថៃ ធ្វើអោយមានការភ្ញាក់ផ្អើល ដោយមានសម្លេងស្រែកទ្រហោយំឡើងកងរំពងថែមទៀតផងពីសំណាក់កូនៗ របស់ស្ត្រីរងគ្រោះ ។
យោងតាមរបាយការណ៍ពីភាគីថៃដែលហើយទទួលបានគឺ នៅមុនពេលកើតហេតុគឺមាន ស្ត្រីម្នាក់ជាពលករខ្មែរឈ្មោះ ឆោន ប៉ោច អាយុ៤២ឆ្នាំ រស់នៅភូមិខ្ចឹង ឃុំបុស្បូវ ស្រុក
ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានឡើងទៅលើអគារជាន់ទី៤ដើម្បីធ្វើការសំអាតដោយសារតែអគារនេះកំពុងសាងសង់ ។
ភ្លាមៗនោះដែរទំនងជាស្ត្រីរូបនេះមានការរអិលភ្លាត់ជើងទើបធ្វើអោយគាត់ធ្លាក់មកដីតែម្តងហើយបានប៉ះទង្គិចជាមួយនឹងគ្រោងដែកដែលនៅខាងក្រោមបន្ថែមទៀត បណ្តាលអោយបែកក្បាល ឈាមហូរជោកប្រាណ ទើបមានការភ្ញាក់ផ្អើល ដោយពលករដែលនៅទីនោះបាននាំគ្នាសែងយកមកដាក់នៅលើគ្រែដើម្បីអោយមន្ត្រីជំនាញ ចុះទៅពិនិត្យក្រោមសម្រែកទ្រហោយំយ៉ាងសោកសង្រែងពីសំណាក់កូនៗរបស់ស្ត្រីរងគ្រោះ។ក្នុង
ហេតុការណ៍នេះ គេឃើញមានមន្ត្រីនៅក្នុងស្ថានទូតកម្ពុជា ដែលប្រចាំនៅក្នុងប្រទេសថៃបានអញ្ជើញចុះទៅសួរសុខទុក្ខនិងនាំថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារសពនិងបានរៀបចំជួយសម្រួលដើម្បីអោយកូនៗបាននាំសពយកទៅកាន់ស្រុកកំណើតវិញនិងរៀបចំធ្វើបុណ្យតាមប្រពៃណី៕