កណ្តាល ៖ រថយន្តឡុចស៊ីស RX300 មួយទំនងជាតៃកុងស្រវឹងស្រា បានបុករះអ្នកសាររោងអ័កកាដង់បណ្តាលឱ្យស្លាប់មនុស្សពីរនាក់ ហើយរថយន្តនោះបានបន្តទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណុំ ទើបរថយន្តនោះអស់ល្បឿន ហើយតៃកុងបានចុះរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតឡើងពីវេលាម៉ោងជាង១២រំលងអធ្រាតុឈានចូកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ២១ ស្ថិតក្នុងភូមិផ្កូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការប៉ូលិសស្រុកស្អាងបានឱ្យដឹងថា រថយន្តដែលបើកបុកមនុស្សស្លាប់ខាងលើមានម៉ាក ឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AE-5120 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ។ ចំណែកជនរងគ្រោះដែលស្លាប់ ទី១ឈ្មោះ ចាន់ សុភា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរតន្ត្រីសម័យនាយ ឆ្លាម មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅនិងកន្លែងកើតហេតុ) និងទី២ ឈ្មោះ អន ស្រីអូន ភេទស្រី អាយុ១៤ឆ្នាំ មុខរបរតន្ត្រីសម័យ មានទីលំនៅភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(ស្លាប់នៅ និងកន្លែងកើតហេតុ) ។
លោកអធិការបានបន្ថែមថា នៅវេលាកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ជិះតាមបណ្តោយផ្លូវលេខ២១ មានទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងជាតៃកុងស្រវឹងស្រា បានទៅបុករះអ្នកសាររោងអ័កកាដង់ បណ្តាលឱ្យស្លាប់២នាក់ ភ្លាមៗ នៅនឹងកន្លែង ហើយរថយន្តនោះបានបន្តទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណុំ ភ្លាមៗនោះអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ តែម្ដង ។
បន្ទាប់ពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋភ្លាមសមត្ថកិច្ច បានចុះទៅដល់ទីកន្លែងកើតហេតុ សន្និដ្ឋានបានថាៈ បង្កឡើង អ្នកបើកបរស្រវឹង ហើយបើកក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។ ចំពោះសាកសពទាំង០២ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ៕