ព្រះវិហារ ៖ អាជ្ញាធរខេត្តព្រះវិហារ បានបើកប្រតិបត្តិការចាប់ឃាត់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស តាមគោលដៅនានាទូទាំងខេត្តពេញមួយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ ដោយបានត្រួតពិនិត្យរថយន្តជិត៣០០គ្រឿង ក្នុងនោះរកឃើញរថយន្តដឹកសំពីងសំពោងចំនួន៣៧គ្រឿង ព្រមទាំងរកឃើញរថយន្តតទ្រុងកែច្នៃខុសបច្ចេកទេសចំនួន១គ្រឿង ដោយបានកាត់ចោលនៅនឹងកន្លែងតែម្តង។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ cam post ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ដោយមានការណែនាំពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក៏ដូចជា ការអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការក្រុមការងារ ត្រួតពិតនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត រួមមាន មន្ត្រីមន្ទីរសាធារណការខេត្ត កម្លាំងស្នងការនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត ព្រមទាំងអជ្ញាធរក្រុងស្រុក បានចុះត្រួតពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់ ជាលទ្ធផលបានឃាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន២គ្រឿង ដោយកាត់ទ្រុងចោលនៅនឹងកន្លែងតែម្ដង។
លោកបន្តថា រហូតមកដល់ពេលនេះ ក្នុងទឹកដីខេត្តព្រះវិហារ ឲ្យតែមានរថយន្តតទ្រុងកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់ គឺក្រុមការងារនឹងបន្តអនុវត្តចាប់ឃាត់ និងកាត់ទ្រុងនៅនិងកន្លែង ដោយមិនមានការលើកលែងនោះឡើយ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
លោក សំ លាងទ្រី បានឲ្យដឹងទៀតថា នៅក្នុងយុទ្ធនាការចុះឃាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តាមគោលដៅនានា ក្នុងខេត្តជាលទ្ធផលមាន៖ រថយន្តត្រូវធ្វើការត្រួតពិនិត្យ២៦៤គ្រឿង, រថយន្តពិនិត្យឃើញត្រឹមត្រូវ១២៦គ្រឿង, រថយន្តបានណែនាំដឹកសំពីងសំពោង៣៧គ្រឿង, រថយន្តពុំមានឯកសារគ្រប់គ្រាន់៥៤គ្រឿង, រថយន្តត្រូវបានដោះចង្អើរកន្ទុយ២៣គ្រឿង, រថយន្តគ្មានស្លាកលេខ៥គ្រឿង, រថយន្តគ្មានបណ្ណ័បើកបរ១៧គ្រឿង, កាត់ទ្រុងរថយន្តកែច្នៃខុសបច្ចេកទេស១គ្រឿងផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យរថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានី-ខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត ។
ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់ យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុងហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ៕