ទោសជាប់គុក១ឆ្នាំ ករណីប៉ូលិសដែលបាញ់ធ្វើឱ្យមនុស្សស្លាប់ពេលបង្ក្រាបកន្លែងបញ្ជល់មាន់ ត្រូវព្យួរទាំងស្រុង
ភ្នំពេញ៖ លោករស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៨បើកសវនាការរឿងក្តីនេះនិងប្រកាសសាលក្រមភ្លាមតែម្ដង ដោយពុំបង្អង់ឡើយ។
សាលក្រមគឺសម្រេចផ្តន្ទាទោសជនជាប់ចោទ ចន វីរៈ ដាក់ពន្ធនាគារមួយឆ្នាំតែទោសនេះត្រូវព្យួរទាំងអស់ក្រោមការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនាតាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌទៅលើលោកអនុសេនីយ៍ត្រីចនវីរៈប៉ូលិសផ្នែកអន្តរាគមន៍នៃអធិដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលផ្ទុះអាវុធបណ្តាលឱ្យមនុស្សស្លូតត្រង់ម្នាក់ស្លាប់ក្នុងប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់នោះឥឡូវនេះមានសេរីភាពឡើងវិញហើយ ។
មន្ត្រីតុលាការ ពន្យល់ថា ក្នុងករណីដែលជនជាប់ចោទចន វីរៈ គ្មានជាប់បទល្មើសផ្សេងទៀតទេ ជននេះនឹងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយជាប់ឃុំត្រឹម២០ថ្ងៃប៉ុណ្ណោះ ។
រំលឹកថា កាលពីព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០១៨កម្លាំងផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបទីតាំងនិងក្រុមអ្នកញៀនល្បែងបញ្ជល់មាន់មួយកន្លែងនៅក្រោយផ្សារកាណាសុីធីស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ។
កិច្ចបង្ក្រាបនោះសមត្តកិច្ចបានផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់បណ្តាលឱ្យត្រូវបុរសម្នាក់កំពុងឈរពីលើផ្ទះមើលគេ លេងល្បែងបញ្ជល់មាន់ស្លាប់ពេលកំពុងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ជនរងគ្រោះឈ្មោះ សៀក រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិចោមចៅសង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ ៕