ភ្នំពេញ ៖ ផ្កាស្បៃរឿង ជាផ្កាស្រស់ស្អាត មាន២ពណ៌ គឺលឿងខ្ចី និងលឿងទុំ ឬស្លាទុំ។ ផ្កាស្បៃរឿង ត្រូវបានជួញដូរយ៉ាងសកម្ម នៅក្នុងពិធីត្រៀមចូលឆ្នាំចិន នៅឆ្នាំ២០១៨នេះ។
ចំណែកផ្កាអង្គារសីល៍ ត្រូវបានអ្នកលក់អះអាងថាមិនសូវសំបូរអ្នកទិញ យកទៅតាំង ក្នុងពិធីចូលឆ្នាំចិនទេ។
មុនថ្ងៃចូលឆ្នាំចិន មានការជួញដូរផ្កាចំនួន២ប្រភេទ គឺផ្កាស្បៃរឿង និងផ្កាអង្គារសីល៍
សម្រាប់តាំងថ្វាយទេវតា ក្នុងឱកាសចូលឆ្នាំចិន។
លោក មុំ ហុង អ្នកលក់ផ្កាចល័ត នៅម្តុំផ្សារសាមគ្គី ឲ្យដឹងថា ចូលឆ្នាំចិន ឆ្នាំចរនេះ អ្នកមក ទិញផ្កាត្រៀមតាំងផ្ទះថ្ងៃចូលឆ្នាំ ភាគច្រើនទិញតែផ្កាស្បៃរឿង ឯផ្កាអង្គារសីល៍ មិនសូវមាន
អ្នកទិញយកទៅតាំងផ្ទះទេ។ លោកអះអាងថា ឆ្នាំមុនគាត់លក់ដាច់តែផ្កាអង្គារសីល៍។
តែឆ្នាំនេះ គេទិញតែផ្កាស្បៃរឿង ទំនងជាផ្កាស្បៃរឿង លក់តម្លៃថោកជាងផ្កាអង្គារសីល៍។ លោកផ្កាស្បៃរឿង គាត់ទៅទិញពីចំការវៀតណាមដាំនៅព្រែកឯង។ គាត់ទិញ១០០០គុម្ព សម្រាប់លក់ ពីថ្ងៃទី១០កុម្ភៈ ដល់ថ្ងៃ១៤កុម្ភៈប៉ុណ្ណោះ។
ចំណែកអតិថិជនទិញផ្កាយកទៅតាំងផ្ទះក្នុងពិធីចូលឆ្នាំចិន បានឲ្យដឹងថា ពួកគាត់មិនទិញ ផ្កាអង្គារសីល៍នៅឆ្នាំនេះ ដោយសារការទិញផ្កានោះពីឆ្នាំកន្លងមកវាបានដុះនិងចេញផ្កា
ហើយគាត់មិនចាំបាច់ចំណាយលុយទិញផ្កាអង្គារសីល៍ថ្មីយកទៅតាំងផ្ទះទេ។
ចំណែកផ្កាស្បៃរឿងវិញ ពួកគាត់ទិញជាគូៗ យកទៅតាំងនៅមុខជំនៀងផ្ទះ មុខហាងរកស៊ី លក់ដូរ មុខការិយាល័យជាដើម ព្រោះវាជាផ្កានាំលាភសំណាង ហើយមានសម្រស់លឿងខ្ចី
ស្រស់ស្អាត។
ផ្កាស្បៃរឿង ជាផ្កាដែលដុះមិនរើសរដូវ។ ផ្កាស្បៃរឿងនេះ ធន់នឹងអាកាសធាតុត្រជាក់ល្មម ជាផ្កាដែលអាច ធ្វើជាឱសថ ព្យាបាលជំងឺក្អកជាដើម។ ផ្កាស្បៃរឿង នៅក្នុងប្រទេសកម្ពុជា បានដាំច្រើន នៅខេត្តកណ្តាល បាត់ដំបង ប៉ៃលិន ជាដើម។ ផ្កាស្បៃរឿងនេះ ជនជាតិ ឥណ្ឌា ថៃ វៀតណាម ចិន និយមក្រង ជាកម្រងផ្កាបំពាក់ឲ្យគ្នា ក្នុងពិធីសាសានាធំដុំ និង ដាក់តាំងថ្វាយទេវតា ដែលគេជឿថា នឹងផ្តល់នូវលាភ សំណាង ដល់ពួកគេ៕