ភ្នំពេញ ៖ តុលាការកំពូលនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ នឹងបើកសវនាការជម្រះរឿងក្តីលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដែលបច្ចុប្បន្នបានរត់គេចខ្លួនទៅក្រៅប្រទេស ករណីចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី ជាអ្នកវិភាគបញ្ហាសង្គម។
យោងតាមដីកាកោះហៅឲ្យជនជាប់ចោទចូលសវនាការ ដែលផ្សព្វផ្សាយ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភះ បានឲ្យដឹង ថា លោកស្រី ថាក់ ឡានី អាយុ៦៣ឆ្នាំ ជាប់ចោទពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅភូមិតាប៉ាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៨:៣០នាទី តាមមាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
កន្លងមកទាំងសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោសលោកស្រី ថាក់ ឡានី ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំនួន១០០រៀល។នៅក្នុងវេទិកាសាធារណៈនៅខេត្តរតនគិរី លោកស្រី ថាក់ ឡានី បានចោទប្រកាន់សម្តេចតេជោ ថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។
ដើម្បីស្វែងរកភាពយុត្តិធម៌ និងភាពស្អាតស្អំក្នុងនាមជាមេដឹកនាំកំពូលនៃប្រទេសសម្តេចតេជោ ហ៊ុន សែន តាមរយៈលោកមេធាវីគី តិច បានដាក់ពាក្យបណ្ដឹងប្តឹងលោកស្រីថាក់ ឡានី ដោយសំណូមពរឲ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀលប៉ុណ្ណោះ៕