ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ នេះ ដែលជាថ្ងៃសែនចូលឆ្នាំចិន បានផ្ញើសារតាមរយៈទំព័រហ្វេសប៊ុករបស់សម្តេច ដោយជូនពរដល់ជនរួមជាតិ និងបងប្អូនខ្មែរជាប់សែស្រឡាយចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល និងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារ។
លើសពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូបទៀន ក្នុងឱកាសពិធីបុណ្យនេះ និងអំពាវនាដល់ប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តតាមទីជិតឆ្ងាយ សូមគោរពច្បាប់ចរាចរណ៍ និងមានសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារ។
សម្តេចតេជោបានសរសេរនៅលើទំព័រហ្វេសប៊ុកថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំ ចិននេះ ខ្ញុំ និងភរិយាសូមជូនពរដល់បងប្អូនខ្មែរ កាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរ សាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភ សំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន។
សម្ដេចតេជោ ហ៊ុន សែន ក៏បានសរសេរផងដែរថា នៅក្នុងថ្ងៃសែននេះ សូមបងប្អូនប្រុងប្រយ័ត្នភ្លើងអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូបទៀនមិនបានប្រុងប្រយ័ត្ន។ សូមបងប្អូនធ្វើដំណើរកំសាន្ត ជិត ឆ្ងាយ មានសុខសុវត្ថិភាព និងបានសប្បាយជួបជុំក្រុមគ្រួសារកុំបីខានឡើយ៕