ភ្នំពេញ ៖ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនោះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋានសាងសង់ស្ពានអាកាស ចំណុចរង្វង់មូលចោមចៅនៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ នេះជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សាបន្ថែមលើប ច្ចេកទេសសាង សង់ស្ពានអាកាសរង្វង់មូលចោមចៅជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភះម្សិលមិញ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយ កិច្ចប្រជុំនេះ ថា ដោយពេលបច្ចុប្បន្នស្ថានភាពចរាចរណ៍ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅចំណុច រង្វង់មូលចោមចៅដែលមានការកកស្ទះចរាចរណ៍ច្រើនហើយម្យ៉ាងទៀតចរាចរណ៍នៅផ្លូវជាតិលេខ៤ ,ផ្លូវជាតិលេខ៣,ផ្លូវសហព័ន្ធរុស្ស៊ី ចូលមករាជធានីភ្នំពេញមានការកកស្ទះច្រើន ហើយទៅថ្ងៃអនាគត តំបន់ចោមចៅនេះ ប្រសិនបើសិនជាមិនមានការគិតគូក្នុងលទ្ធភាពដោះស្រាយបញ្ហាចរាចរណ៍ គឺរឹត តែនឹងមានការកកស្ទះច្រើនជាងពេលនេះទៅទៀត។
ដូច្នេះហើយទើបនៅរសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៨ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយជាមួយមន្ត្រីជំនាញ ដើម្បីបន្តគិតគូរទៅលើការស្ថាបនាសាងសង់ស្ពានអាកាសចោមចៅ ដែលជាគម្រោងបានសិក្សាអស់រយៈពេលជា ច្រើនខែកន្លងមក ហើយនោះ។
លោក ម៉េត មាសភក្តី បានឲ្យដឹងបន្ត ថា នៅក្នុងផែនការនេះរដ្ឋបាលរាជធានីគ្រោងនឹង បើកការដ្ឋាន សាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ឲ្យបានមុនចូលឆ្នាំប្រពៃណីខ្មែរនាខែមេសាឆ្នាំ២០១៨ ខាងមុខនេះ ។
ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា ដោយបានឯកភាពទៅលើជម្រើសក្នុងការពិចារណាពីខាងដើមដែល មានចំនួន៧គម្រោង ដោយបានឯកភាពយកជម្រើសមួយចុងក្រោយ ដែលក្នុងជម្រើសនោះ មានផល ប៉ះពាល់តិចតួចបំផុត ក្នុងជម្រើសផ្សេងៗ ហើយអាចកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងតំបន់ ចោមចៅបាន។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៤កន្លែង គឺស្ពានអាកាសក្បាលថ្នល់ នៅអតីតរង្វង់មូលក្បាលថ្នល់,ស្ពានអាកាសស្ទឹងមានជ័យ,ស្ពានអាកាស៧មករា ស្ថិតនៅស្តុបពេទ្យលោកសង្ឃ,និងស្ពានអាកាស៥មករា ស្ថិតនៅស្ដុបតិចណូ ហើយស្ពានអាកាសស្តុបផ្សារដីហុយ ដែលជាស្ពានអាកាសទី៥ នឹងត្រូវស្ថាបនាបញ្ចប់នៅមុនចូលឆ្នាំខ្មែរ២០១៨ខាងមុខនេះ៕