ព្រះវិហារ ៖ មេបញ្ជាការប្រតិបត្តិការសឹករងខេត្តព្រះវិហារ បានណែនាំ និងជំរុញឲ្យកម្លាំងកងទ័ពទាំងអស់ ដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ត្រូវធ្វើយ៉ាងណាទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការលួចឆ្លងដែនទៅកាប់ឈើគ្រញូង និងបទល្មើសគ្រឿងញៀនឆ្លងដែន ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យខានតែបាន។
ការជំរុញឲ្យកងកម្លាំងរក្សាសុខសុវត្ថិភាពជូនពលរដ្ឋនេះ គ្រាដែលឧត្ដមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ រួមដំណើរដោយថ្នាក់ដឹកនាំតំបន់សឹក បានអញ្ជើញចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅចំណុចនាគបួស របស់វរសេនាតូចលេខ១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោកមេបញ្ជាការ បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន ធ្វើយ៉ាងរក្សាសុខភាពឲ្យបានល្អ ទើបអាចសម្រេចរាល់ការងារទាំងឡាយរបស់អង្គភាពបាន។ លើសពីនេះ លោកក៏បានជំរុញឲ្យកងកម្លាំងទាំងអស់ ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវបទល្មើសទាំងឡាយ ដូចជា ការទប់ស្កាត់ពលករលួចលបចូលកាប់ឈើគ្រញូងខុសច្បាប់ ការជួញដូរគ្រឿងញៀន។ល។ ពិសេសជាងនេះ កងកម្លាំង គឺត្រូវធ្វើយ៉ាងណា រក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
នាឱកាសនោះ លោកមេបញ្ជាការ និងនាយទាហានបានជួយឧបត្ថម្ភថវិកា និងសម្ភារៈឧបភោគបរិភោគមួយចំនួន ដូចជា លោក ច័ន្ទ សុភ័ក្ត្រា ថវិកាចំនួន៤០០,០០០រៀល មី៣កេស ទឹកក្រូច១កេស ត្រីខ១កេស, វរសេនីយ៍ទោ យ៉ាន់ សុធា ថវិកា១៦០,០០០រៀល សម្រាប់ទិញធុងស្តុកទឹកចំនួន២ និងវរសេនីយ៍ត្រី ហូ សិលា ថវិកា១៦០,០០០រៀល សម្រាប់ទិញធុងស្តុកទឹកចំនួន២។
សូមបញ្ជាក់ថា ក្រោយពីបញ្ចប់ការចុះសួរសុខទុក្ខកងកម្លាំងនៅចំណុចនាគបួស របស់វរសេនាតូចលេខ១ លោកមេបញ្ជាការ បានបន្តដំណើរចុះត្រួតពិនិត្យមើលលេណដ្ឋាន ដែលកំពុងកសាងសងនៅទីបញ្ជាការវរសេនាតូចលេខ១ អណ្តូងរយផងដែរ៕