កម្ពុជា​បង្កើន​វិភាគទាន​ដល់​៤៥​ម៉ឺន​ដុល្លារ​ក្នុង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​២០១៩-២០២១
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2018 ក+ ក-

 

​ភ្នំពេញ ៖ កម្ពុជា​ប្រកាស​បង្កើន​វិភាគទាន​របស់ខ្លួន​ពី​ចំនួន ៣​សែន ១​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក ឱ្យ​ឡើងដល់ ៤​សែន ៥​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​គាំទ្រ​ប្រតិបត្តិការ​រយៈពេល ៣​ឆ្នាំ​ទៅមុខ​របស់​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ចាប់ពី​ឆ្នាំ​២០១៩-២០២១​។​

​លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា ទេសាភិបាល​លើក​ទី​៤១ ប្រចាំឆ្នាំ​២០១៨ របស់​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម ដែល​បាន​ប្រព្រឹត្តធ្វើ​ចាប់ពី​ថ្ងៃទី ១២-១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​កណ្តាល​នាទី​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ដោយ​ក្នុង កិច្ចប្រជុំ​នេះ ខាង​កម្ពុជា​បានបញ្ជាក់​អំពី​ជំហរ​គាំទ្រ​របស់ខ្លួន​ចំពោះ​ប្រសិទ្ធភាព​នៃ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​កន្លងមក​របស់​ស្ថាប័ន​នេះ និង​ទិសដៅ​ការងារ​ជា​យុទ្ធសាស្ត្រ​ដែល​មូល និ​ធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ត្រូវប្រកាន់យក សម្រាប់​រយៈពេល​មធ្យម​ទៅមុខ ២០១៩-២០២១ ជាពិសេស​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​បានប្រកាស​ពី​ការបង្កើន​វិភាគទាន​របស់​កម្ពុជា​ពី​ចំនួន ៣​សែន ១​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក ឱ្យ​ឡើងដល់ ៤​សែន ៥​ម៉ឺន​ដុល្លារ អាមេរិក​សម្រាប់​គាំទ្រ​ប្រតិបត្តិការ​រយៈពេល ៣​ឆ្នាំ​ទៅមុខ​របស់​មូលនិធិ​អន្តរជាតិ​សម្រាប់ អភិវឌ្ឍន៍​កសិកម្ម ចាប់ពី​ឆ្នាំ​២០១៩-២០២១​។

សូម​ជម្រាបជូន​ថា​៖ កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០១៨​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ “​ចាកចេញ ពី​ភាពផុយស្រួយ​ឆ្ពោះទៅកាន់​ភាព​ធន់ និង​រឹងមាំ​រយៈពេល​វែង​៖ ការវិនិយោគ​លើ​សេដ្ឋកិច្ច​ជនបទ​ប្រកបដោយ​ចិ​រ​ភាព​”​។ ជាមួយគ្នានេះ អង្គប្រជុំ​ក៏បាន​ពិនិត្យ​វាយតម្លៃ​លើ​សមិទ្ធផល ការងារ​កន្លងមករ​បស់​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម និង​កំណត់​ទិសដៅ និង អាទិភាព​ការងារ​នៃ​ឆ្នាំ​បន្ទាប់​។​ជា​លទ្ធផល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទេសាភិបាល​ប្រចាំឆ្នាំ​២០១៨​បាន​ឯកភាព​រួមគ្នា​ដាក់ចេញ​នូវ​គោលដៅ​នៃ​របៀបវារៈ​ការងារ​ថ្មី​សម្រាប់ ៣ ឆ្នាំ​ទៅមុខ ចាប់ពី ឆ្នាំ ២០១៩ ដល់ ២០២១ គឺ “​ភារកិច្ច​របស់​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម ត្រឹម​ឆ្នាំ​២០៣០ នឹងមិន​ទុកចោល​អ្នកណាម្នាក់​ឱ្យ​បន្ត​ស្ថិតក្នុង​ភាពក្រីក្រ​” និង​បាន​ឯកភាពគ្នា​បង្កើន​ធនធាន​សម្រាប់​ប្រតិបត្តិការ​របស់​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម ២០១៩-២០២១ ឱ្យដល់ ៣,៥​ប៊ី​លាន​ដុល្លារ​អាមេរិក និង​រំដោះប្រជាជន​ជនបទ ចាក​ចេញពី​ភាពក្រីក្រ​ឱ្យបាន យ៉ាងតិច ១២០ លាន​នាក់​ត្រឹម​ឆ្នាំ​២០២១៕