ភ្នំពេញ ៖ មន្ត្រីសម្របសម្រួលនៃអង្គការសហប្រជាតិប្រចាំកម្ពុជា លោកស្រី Claire Vander Vaeren បានកោតសរសើរពីវឌ្ឍនភាពនៃវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដែលបានជំរុញកំណើនសេដ្ឋកិច្ច ឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពោលគឺ ក្នុងអំឡុងពេលអាណត្តិការងារ ជាអ្នកសម្របសម្រួលរបស់លោកស្រីនៅកម្ពុជា។
ការមើលឃើញពីតថភាពបែបនេះ ត្រូវបានលើកឡើង ក្នុងជំនួបពិភាក្សាការងារ រវាងលោកស្រី Claire Vander Vaeren ជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ កាលពីព្រឹកថ្ងៃចន្ទថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ឯកឧត្តម បណ្ឌិត អ៊ិត សំហេង បានលើកឡើងថា តាមរយៈបេសកកម្មរយៈពេល៥ឆ្នាំ របស់លោកស្រី តំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជានេះ កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ ពិតជាមានលក្ខណៈល្អប្រសើរ និងមានវឌ្ឍនភាពខ្ពស់។ វឌ្ឍនភាពជោគជ័យទាំងឡាយ ដែលកម្ពុជាទទួលបាននេះ គឺមិនអាចកាត់ផ្ដាច់ពីភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានឡើយ ក៏រឹតតែមិនអាចកាត់ផ្ដាច់បានពីតួនាទីរបស់លោកស្រី Claire Vander Vaeren ដែលជាអ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិផងដែរ។
ឯកឧត្តម មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា មានក្ដីសោមនស្សរីករាយខ្លាំងណាស់ ដែលទទួលបាននូវគម្រោងល្អៗជាច្រើន ក្នុងភាពជាដៃគូជាមួយអង្គការសហប្រជាជាតិ និងគោលនយោបាយការងារ ដែលកម្ពុជាទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ជាពិសេសគោលនយោបាយជាតិ ស្តីពីការ អប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ និងភាពជាដៃគូជាមួយអង្គការ ILO ដែលបានរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ។
លោកស្រី Claire Vander Vaeren បានបញ្ជាក់ថា ក្នុងអាណត្តិការងាររយៈពេល៥ឆ្នាំរបស់លោកស្រី បានមើលឃើញថា វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ពិតជាមានវឌ្ឍនភាពរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។ អង្គការសហប្រជាជាតិ មានមោទនភាពក្នុងការធ្វើការងារជាមួយកម្ពុជា នឹងសមិទ្ធផលដែលសម្រេចបានជាមួយ ឯកឧត្តមរដ្ឋមន្ត្រី ពិសេសវិស័យគាំពារសង្គម ការលើកកម្ពស់ប្រាក់ឈ្នួលអប្បបរមា ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការទប់ស្កាត់បញ្ហាដែលកើតមានពីការធ្វើចំណាកស្រុក ការផ្ដល់អំណាចដល់ស្ត្រីក្នុងវិស័យការងារ ហើយចុងក្រោយនេះ ក៏បានពិភាក្សាលើគម្រោងថ្មីមួយទៀត ស្ដីពី មុខរបរ និងការងារយុវជន ដែលមានការជួយសម្របសម្រួលពីអង្គការ ILO ដែលជាអង្គការមួយដ៏សកម្ម ក្នុងការងារសហការជាមួយរាជរដ្ឋាភិបាល លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោកស្រីបានលើកទឹកចិត្ត និងជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីសម្របសម្រួលថ្មី របស់អង្គការសហប្រជាជាតិ ដែលនឹងមកដល់កម្ពុជានាពេលខាងមុខនេះ ដើម្បីប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នានិងបន្តវឌ្ឍនភាពការងារទៅមុខទៀត៕