ព្រះវិហារ ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានលើកឡើងថា បើពុំមានសុខសន្តិភាព ប្រទេសជាតិក៏គ្មានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះដែរ។
ការថ្លែងបែបនេះក្នុងឱកាសដែលលោកអញ្ជើញសម្ភោធ ដាក់ឲ្យប្រើប្រាស់រូបសំណាកអ្នកព្រះភិរម្យអ៊ូ ហៅង៉ុយ នៅវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ផងដែរ។
ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា សមិទ្ធផលដែលកើតឡើងនៅចំពោះមុខយើងនេះ គឺជាការខិតខំរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ហើយសមិទ្ធិផលនេះ ក៏ដូចជាសមិទ្ធិផលផ្សេងៗទៀត គឺកើតឡើងស្របពេលដែលប្រទេសជាតិ មានសុខសនិ្តភាព ដូច្នេះសុខសន្តិភាព ពិតជាមានតម្លៃណាស់ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្ស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានោះផងដែរ អភិបាលខេត្ត ក៏បានជម្រុញឲ្យសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ និងត្រូវជៀសឲ្យឆ្ងាយ ពីគ្រឿងញៀនគ្រប់ប្រភេទ និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា។
អភិបាលខេត្តបានគូសបញ្ជាក់ផងដែរថា ការដាក់សម្ភោធឲ្យប្រើប្រាស់ រូបសំណាកអ្នកព្រះភិរម្យភាសារអ៊ូ ហៅង៉ុយ នៅពេលនេះ គឺជាការរំលឹកដឹងគុណ ដល់អ្នកប្រាជ្ញខ្មែរដែលមានឈ្មោះបោះសម្លេង ដែលបានចងក្រងជាសៀវភៅ ជាក្រាំងសម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយៗសិក្សារៀនសូត្រតាម៕