ភ្នំពេញ ៖ នារីបម្រើម្នាក់ដែលក្តិចប្រដាប់ភេទកូនប្រុសឧកញ៉ាឌួង ឆាយ បណ្តាលឱ្យហើមខុសប្រក្រតី ត្រូវបានលោក ជួន សុរាសី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។
នារីរូបនេះឈ្មោះ អ៊ុ សុផាន់ណា អាយុ២៣ឆ្នាំ ត្រូវបានលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ហិង្សាដោយចេតនា តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ។
នាង អ៊ុ សុផាន់ណា ត្រូវបានលោកឧកញ៉ា ឌួង ឆាយ ឃាត់ខ្លួននៅពេលថ្ងៃចូលឆ្នាំចិន ប្រគល់ឱ្យសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាវាយដំទៅលើកូនប្រុសតូចៗរបស់លោកពីរនាក់ជាច្រើនលើកច្រើនសារ និងចុងក្រោយនេះ នាងអ្នកបម្រើបានធ្វើទារុណកម្មវ៉ៃ និងក្តិចប្រដាប់ភេទ(ពងស្វាស) លើកូនប្រុសលោកបណ្តាលឱ្យហើមខុសប្រក្រតី ។
នៅក្នុងដំណាក់កាលសមត្ថកិច្ចកំពុងចាត់ការលើសំណុំរឿងនេះ លោកឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះគ្លីបវីដេអូមួយតាមអាខោនហ្វេសប៊ុកឈ្មោះ Duong Chay ឌួង ឆាយ រៀបរាប់សាច់រឿងនេះយ៉ាងលំអិតជាច្រើននាទីផងដែរ ដែលមានខ្លឹមសារខឹងស្ត្រីឈ្មោះ អ៊ុសុផាន់ណាជាអ្នកបម្រើយ៉ាងខ្លាំង ។
ប៉ុន្តែជាមួយនឹងការខឹងនាងអ្នកបម្រើ លោកឧកញ៉ា ឌួង ឆាយ ក៏មានភាពអាណិតអាសូរដល់ឪពុកម្តាយ និងបងប្អូនរបស់នាង អ៊ុ សុផាន់ណា ដែលបានទៅសំពះអង្វរដល់ផ្ទះ សុំការសណ្តោសប្រណីទោសឱ្យនាង ។
តែលោកនៅមានការឈឺចាប់នៅពេលឃើញកូនប្រុសលោកជាក្មេងមិនទាន់ដឹងអីសោះ និងជាក្មេងពិការសុខភាពទៀត ហើយគេទាំងពីរនាក់បានយំស្រែកនៅចំពោះមុខឪពុកម្តាយយ៉ាងដូច្នេះ សួរថាឪពុកម្តាយមានការឈឺចាប់ប៉ុណ្ណា។ ប៉ុន្តែពេលនេះលោកទុកឱ្យច្បាប់ជាអ្នកវិនិច្ឆ័យទៅចុះ ។
នៅមានពាក្យពេចន៍ជាច្រើនទៀតដែលលោកឧកញ៉ា ឌួង ឆាយ បានរៀបរាប់នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបសលោក ហើយថែមទាំងបានបង្ហាញរូបកូនប្រុសម្នាក់ ដែលអះអាងថា នាង អ៊ុ សុផាណា វ៉ៃធ្វើបាបនោះមានបន្លឺសម្លេងដែរ ៕