ព័ត៌មាន​បន្ថែម​ស្តីពី​តុលាការ​សួរចម្លើយ​ក្រុម​ចាប់ជំរិត​ឆ្លងដែន​២៩​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ងិន ពេ​ជ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ នេះ ពុំទាន់​បញ្ចប់​ការសាកសួរ​ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន​២៩​នាក់ ទេ ដោយ​ក្រុម​ជនសង្ស័យ​ទាំងអស់​ត្រូវ​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ វិញ ។ ។ មន្ត្រី​តុលាការ​ថ្លែងថា ជនសង្ស័យ​ទាំងអស់​មាន​ជនជាតិ​ចិន​៤​នាក់ និង ជនជាតិ​ថៃ​២៥​នាក់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ថ្លែងថា ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​ចាប់ជំរិត​តាម​ប្រព័ន្ធ អ៊ីនធឺណិត​នៅ​ពីរ​គោលដៅ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ទៀតថា សមត្ថកិច្ច​ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​មេក្លោង​ចាប់ជំរិត​ចាប់​ប្រព័ន្ធ Internet ២​នាក់​ប្តី​ប្រពន្ធ ដែលជា​ជនជាតិ​ចិនតៃវ៉ាន់​កំពុង​រត់គេចខ្លួន ដែល​មេក្លោង​ទាំង​២​នាក់ ប្តី​ប្រពន្ធ​នេះ មាន​ដីកា​ឱ្យ​ចាប់ខ្លួន​ពី​តុលាការ​ប្រទេស​ថៃ​ផងដែរ​។ មេបញ្ជាការ​អាវុធហត្ថ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​បង្ក្រាប​ទាំង​២​ករណីនេះ​រួច កម្លាំង​អាវុធហត្ថ​កំពុងធ្វើការ​ស្រាវជ្រាវ បទល្មើស​នេះ​បន្តទៀត ហើយ​ករណី​បង្ក្រាប​នេះ អាច​ចាត់ទុកថា ជា​លើក​ទី​១ ដែលមាន​ជនជាតិ​ថៃ ចូលរួម​ក្នុង​បទល្មើស​ចាប់ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ អ៊ីនធឺណិត​ដែល​កន្លងមក​ធ្លាប់​តែមាន​ជនជាតិ​ចិន ដែល​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់​នេះ​៕​