អាជ្ញាធរ​ក្រុង​សៀមរាប​នឹងដាក់​ពង្រាយ​កម្លាំង​រៀបចំ​ស​ណ្ឋា​ប់​ធ្នាប់​តាម​​ផ្លូវ​សំខាន់ៗ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2018 ក+ ក-

​សៀមរាប ៖ អាជ្ញាធរ​ក្រុង​សៀមរាប និង​ដាក់ពង្រាយ​កម្លាំង​សម្រាប់​រៀបចំ​ស​ណ្ឋា​ប់​ធ្នាប់​នៅតាម​បណ្តា​ផ្លូវ​សំខាន់ៗ​នៅក្នុង​ក្រុង ដើម្បី​ធានា​ឱ្យបាន​នូវ​ស​ណ្ឋា​ប់​ធ្នាប់ អនាម័យ​បរិស្ថាន​ល្អ ធ្វើឱ្យ​ក្រុង​សៀមរាប​កាន់តែ​មាន​សោ​ភ័​ណ្ឌ​ភាពស្រស់​បំព្រង សាក​សមជា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​។​

​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប​នៅ​ព្រឹក​ថ្ងៃ​អង្គារ​៦​កើត ខែផល្គុន ឆ្នាំរការ នព្វស័ក ព​.​ស ២៥៦១ ត្រូវ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ ចុះ​រៀបចំ​ស​ណ្ឋា​ប់​ធ្នាប់​នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​ចាប់ពី​ចំណុច​មុខ​សណ្ឋាគារ​ស្មា​យ​លីង ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​តាម​បណ្តា​ផ្លូវ​មួយ​នេះ​មា​នស​ណ្ឋា​ប់​ធ្នាប់ និង​សោ​ភ័​ណ្ឌ​ភាពល្អ​។​

​លោក សូ ប្លា​តុង បាន​មានប្រសាសន៍ថា ការរៀបចំ​ស​ណ្ឋា​ប់​ធ្នាប់​នេះ គឺធ្វើឡើង​ជា​បន្តបន្ទាប់​នៅតាម​បណ្តា​ផ្លូវ​សំខាន់ៗ​ដូចជា​ផ្លូវ​៦០​ម៉ែត្រ ផ្លូវ​តាម​បណ្តោយ​ស្ទឹង​សៀមរាប ផ្លូវជាតិ​លេខ​៦ ផ្លូវ​លោកតា​ណឺ​យ ផ្លូវ​ស៊ីវ​ត្ថា ជាដើម​។ ហើយ​ផ្លូវ​ទាំងនេះ​ជា​ផ្លូវ​សំខាន់បំផុត​សម្រាប់​ក្រុង​សៀមរាប ដែលមាន​ភ្ញៀវទេសចរ​ធ្វើដំណើរ​២៤​ម៉ោង​។​

​លោក​បាន​បញ្ជាក់ថា នៅពេលដែល​អាជ្ញាធរ​ក្រុង​បានរៀបចំ​ស​ណ្ឋា​ប់​ធ្នាប់​នៅតាម​ផ្លូវ​ណាមួយ​មាន​លក្ខណៈ​ស្អាត​ហើយ​នោះ អាជ្ញាធរ​ក្រុង​និង​ដាក់ពង្រាយ​កម្លាំង​ប្រចាំ​ការរៀបចំ​២៤​ម៉ោង​ដោយ​មិនឱ្យ​ភាពអនាធិបតេយ្យ​វិល​មកវិញ​បាន​ទៀត​នោះទេ​។​

​លោក​អភិបាលក្រុង​សៀមរាប​ក៏ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ចូលរួម​សហកា​រ​ជាមួយ​អាជ្ញាធរ​ទាំងអស់គ្នា ដើម្បី​រៀបចំ​ឱ្យ​ទីក្រុង​របស់​យើង​ស្អាត ព្រោះ​វា​ជាទី​ក្រុង​របស់​យើងទាំងអស់គ្នា​។ ហើយ​កន្លងមកនេះ​ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​អាជីវក​អាជ្ញាធរ​ក្រុង​បានរៀបចំ​តំបន់​ផ​ប់​ស្ទ្រិ​ត​ឱ្យមាន​របៀបរៀបរយ​ប្រកបដោយ​ជោគជ័យ​។​

សូមបញ្ជាក់ថា កន្លងទៅ​ថ្មី​នេះ​ក្រុង​សៀមរាប​បានទទួល​ជ័យលាភី ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ហើយ​គេ​រំពឹងថា ភាពជោគជ័យ​នេះ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​ខេត្តសៀមរាប​កាន់តែច្រើន​បន្ថែមទៀត​៕​