ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ កម្មករនិយោជិតជាង ១ម៉ឺន៥ពាន់១៩៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១៥ ក្នុងខណ្ឌសែនសុខចំនួន១០ ខណ្ឌមានជ័យចំនួន៣ និងខណ្ឌពោធ៌សែនជ័យចំនួន២ នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ និយោជិត ១ម៉ឺន ៥ពាន់ ១៩៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៥ ក្នុងខណ្ឌសែនសុខចំនួន១០ ខណ្ឌមានជ័យចំនួន៣ និងខណ្ឌពោធ៌សែនជ័យចំនួន២ នៅក្នុងរាជធានីភ្នំពេញ ។
ឯ,ឧ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាល វិជ្ជាជីវៈ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា រហូតដល់ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៨ សម្ដេចតេជោ បានជួបជាមួយកម្មករ និយោជិតបានចំនួន ៣០លើក ដែលមានចំនួនសរុប ៣៤ម៉ឺន ៤៥០០នាក់ ក្នុងនោះជួបជាមួយប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការនៃបណ្ដារោងចក្រនានា ចំនួន ៩លើក ស្មើរនឹង ៤ម៉ឺន៧៧១ នាក់ មកពីរោងចក្រចំនួន ៦៦៣ និងបានជួបកម្មករនិយោជិតចំនួន ២០លើក ស្មើនឹង ៣៤៤រោងចក្រ ដែលមានកម្មករនិយោជិត ចំនួន ២៩ម៉ឺន ៩ពាន់ ៤៤នាក់ និងបានអញ្ជញជួបបងប្អូនកម្មករ និយោជិតផ្ទាល់តាមរោងចក្រចំនួន១០ មានកម្មករនិយោជិតចំនួន ២ម៉ឺន ១ពាន់ ៦៥១នាក់ ។
ឯ,ឧ រដ្ឋមន្ត្រី បញ្ជាក់ថា រោងចក្រ សហគ្រាស ទាំង១៥ ដែលជួបជុំនាឱកាសនេះ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៧, កូរ៉េចំនួន២, ខ្មែរចំនួន២, ថៃចំនួន១ និងម៉ាលេស៊ីចំនួន៣ ។ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១២ , បោះពុម្ពលើសំលៀកបំពាក់ចំនួន២ និងផលិតស្បែកជើងចំនួន១ ។ ផលិតផលដែលផលិត ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស ៕