ក្រុម​អ្នកដោះមីន​ទាំងអស់​នៅ​កម្ពុជា​នឹង​ទទួលបាន​សេវា​ពិនិត្យ​ព្យាបាល​ជំងឺដោយ​ឥតគិតថ្លៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា បានប្រកាសថា ប្រតិបត្តិ​ករ​ដោះមីន​ទាំងអស់​នៅ​កម្ពុជា​នឹងត្រូវ​ទទួលបាន​សេវា​ពិនិត្យ​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ ដូច​ទៅនឹង​កម្មករ កម្ម​កា​រិ នី មន្ត្រីរាជការ កីឡាករ កីឡា​ការ​នី​ដែរ​។ ការប្រកាស​នេះ​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ប្រមាណ​១​ម៉ឺន​៥​ពាន់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​នៅ​ព្រឹក​ម៉ិ​ញ​នេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន ប្រកាសថា ប្រតិបត្តិ​ករ​ជា​អ្នកដោះមីន​នៅ​ទូទាំងប្រទេស មិន​ថា​បុគ្គលិក​របស់ ស៊ី ម៉ាក់ ហា​ឡូ​ត្រាស់ រឺ ម៉េ​ក​នោះទេ នឹងត្រូវ​ទទួលបាន​កា​រ​ពិនិត្យ​ព្យាបាល​សុខភាព ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស​។

ការសម្រេច ផ្តល់​កាដូ​ថ្មី​មួយទៀត​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ស្នើ​ពី​ស៊ីម៉ាក់​ឲ្យ​មានការ ពិនិត្យ​លទ្ធភាព​ក្នុងការ​ដាក់បញ្ចូល​មន្ត្រី​ស៊ីម៉ាក់ និង​ប្រតិបត្តិ​ករ​ទាំងអស់​អាច​ទទួល​បាន​សេវា​ថែ​ទាំង​សុខភាព​ដូច​ទៅនឹង​កម្មករ កម្មការិនី​ទូទៅ​ដែរ​។

នេះ​ជា​ដំណោះ​ស្រា យ​មួយ​ដ៍​មាន​សារៈសំខាន់​បំផុត​ចំពោះ​ប្រតិបត្តិ​ករ​ដែល​នឹង​អាច​បង្កើន​កំរិតជីវភាព​និង​ការ​សន្សំ​ប្រាក់​បន្ថែមទៀត​ផងដែរ​។ ជាការ​កត់សំគាល់ ការប្រកាស​ផ្តល់​កាដូ​ពិសេស​ជូន​ដល់​មន្ត្រី​ស៊ីម៉ាក់​នាពេលនេះ​មិនមែនជា​លើកដំបូង​នោះទេ កន្លងមក រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់​កាដូ​ពិសេស​ដល់​កម្មករ​កម្ម​ការិនី កីឡាករ កីឡា​ការ​នី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេភូមិ អនុ​ភូមិ ក្រុមប្រឹក្សាឃុំ ចៅសង្កាត់ មេឃុំ​នៅ​ទូទាំងប្រទេស អាច​ពិនិត្យ​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​ទូទាំងប្រទេស ដើម្បី​លើក​កំពស់​កំរិតជីវភាព និង លើក​កំពស់​សុខុមាលភាព​រប​ស់​ប្រជាជន​ផងដែរ​។
.
​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​នៅថ្ងៃនេះ​បាន​សំដែង​នូវ​ការ​អរគុណ​ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ចំពោះ​ចិត្ត​មេត្តាធម៌ និង​យកចិត្តទុកដាក់​ខ្ពស់បំផុត ចំពោះ​អ្នកជំនាញ​ដោះមីន គ្រាប់​សំណល់​ពី​សង្គ្រាម​ក្នុងការ​ផ្តល់​កាដូ​ពិសេស​នេះ ។ បើតាម ឯ​.​ឧ​ហេង រតនា​បាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានធ្វើការ សម្របសម្រួល និង​ពិភាក្សា​ជាមួយគ្នា​រួចរាល់​សម្រាប់​ការ​ឲ្យ​អនុវត្ត​នូវ​ការពិនិត្យ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​មន្ត្រី​ស៊ីម៉ាក់ និង​ប្រតិបត្តិ​ករ​ដោះមីន​ដទៃទៀត ។ គួរ​បញ្ជាក់ថា មន្ត្រី​បុគ្គលិក និង​ប្រតិបត្តិ​ករ​ដោះមីន​របស់​អង្គភាព​ស៊ីម៉ាក់​បច្ចុប្បន្ន មាន​ចំនួន ១៧១៥​នាក់​នៅ​ទូទាំងប្រទេស ដែល​ក្នុងនោះ​មា​នទី​ស្នាក់​កណ្តាល នៅ​ទីក្រុង​ភ្នំពេញ និង​អង្គភាព​គាំទ្រ​ដល់​ការដោះមីន​ចំនួន​៦​នៅតាម​បណ្តា​ខេត្ត និង​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​ដោះមីន​ចំនួន​មួយ​នៅ​ទឹកដី​ខេត្ត​កំ ពង់​ឆ្នាំង​៕