ភ្នំពេញ ៖ លោក ងិន ពេជ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ នេះបានបញ្ចប់ការសាកសួរ ក្រុមចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតចំនួន២៩នាក់ និងបញ្ជូនសំណុំរឿងដល់ដៃចៅក្រមស៊ើបសួរលោក អ៊ុក សុវណ្ណរិទ្ធ សម្រេចចេញដីកាឃុំខ្លួននៅព្រៃស ក្រោមការចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោស និងបទ កំហែងយក តាមមាត្រា៣៧៧ .៣៨០និងមាត្រា៣៦៣ នៃក្រមព្រហ្មទណ្ឌ។
មន្ត្រីតុលាការថ្លែងថាជនសង្ស័យទាំងអស់មានជនជាតិចិន៤នាក់និងជនជាតិថៃ២៥នាក់។
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសថ្លែងថាប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតនៅពីរគោលដៅនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។
នាយឧត្តមសេនីយ៍បញ្ជាក់ទៀតថា សមត្ថកិច្ចក៏កំពុងស្វែងរកចាប់ខ្លួនមេក្លោងចាប់ជំរិតចាប់ប្រព័ន្ធ Internet ២នាក់ប្តីប្រពន្ធ ដែលជាជនជាតិចិនតៃវ៉ាន់កំពុងរត់គេចខ្លួន ដែលមេក្លោងទាំង២នាក់ ប្តីប្រពន្ធនេះ មានដីកាឱ្យចាប់ខ្លួនពីតុលាការប្រទេសថៃផងដែរ។ មេបញ្ជាការអាវុធហត្ថរូបនេះ បានឲ្យដឹងទៀតថា បន្ទាប់ពីបង្ក្រាបទាំង២ករណីនេះរួច កម្លាំងអាវុធហត្ថកំពុងធ្វើការស្រាវជ្រាវ បទល្មើសនេះបន្តទៀត ហើយករណីបង្ក្រាបនេះ អាចចាត់ទុកថា ជាលើកទី១ ដែលមានជនជាតិថៃ ចូលរួមក្នុងបទល្មើសចាប់ជំរិតទារប្រាក់ តាមប្រព័ន្ធ អ៊ីនធឺណិតដែលកន្លងមកធ្លាប់តែមានជនជាតិចិន ដែលប្រព្រឹត្តបទល្មើសជំរិតទារប្រាក់នេះ៕
តុលាកាសម្រេចឃុំខ្លួនក្រុមចាប់ជំរិត២៩នាក់ ពីបទ ឆបោក