វិនិយោគទុន​បរទេស​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​១២៦​ក្រុមហ៊ុន​ផ្តល់​ការងារ​ជាង​៥​ម៉ឺន​កន្លែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2018 ក+ ក-

​ព្រះសីហនុ ៖ អភិបាលខេត្ត​ព្រះសីហនុ មើលឃើញថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន រួម​និង​ក្រុមហ៊ុន​វិនិយោគ​បរទេស ក្នុង​ខេត្ត​ព្រះសីហនុ បាន​នាំមក​នូវ​ការងារ និង​មុខរបរ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា ៖ V.O៖ ក្នុងចំណោម​ក្រុមហ៊ុន​សរុប​ទាំង​១២៦ មកពី​ប្រទេស​ចំនួន​១៧ ដែល​កំពុង​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ គិត​មកដល់​ឆ្នាំ​២០១៨​នេះ គឺ​ក្រុមហ៊ុន​ក្នុងស្រុក ឈរ​លំដាប់​លេខ​១ មាន​ចំនួន​៤៣​ក្រុមហ៊ុន ខណៈដែល​ក្រុមហ៊ុន​ចិន​ឈរ​លំដាប់​ទី​២ មាន​ចំនួន​៣២​ក្រុមហ៊ុន ដោយមាន​ទុន​វិយោគ ប្រមាណ ១០៩៦​លាន​ដុល្លារ​អាមេរិក​។

​នេះ​បើតាម​ការ​ថ្លែង​បញ្ជាក់​របស់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ នៅក្នុង​កិច្ច​សម្ភាស​ន៌​មួយ​ជាមួយ​ក្រុមការងារ​ទូរ​ទស្ស​ន៌​អាស៊ី​អា​គ្នេ​យ៌​។ លោក យន្ត មីន បាន​បង្ហាញថា ក្រៅពី​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​ចិន ក៏មាន​ក្រុមហ៊ុន​បរទេស​ផ្សេងទៀត កំពុង​បណ្តាក់​ទុនវិនិយោគ​ក្នុង ខេត្ត​ព្រះសីហនុ ដែល​បានផ្តល់​ការងារ​ជាង​៥​ម៉ឺន​នាក់ និង​បាន​បង្កើត​មុខរបរ​ជាច្រើន​ទៀត​ដល់​ប្រជាជន​កម្ពុជា​។ លោក យន្ត មីន មើលឃើញថា វត្ត​មាននៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​បរទេស នៅក្នុង​ខេត្ត​ព្រះសីហនុ បានផ្តល់​ផល​វិជ្ជមាន​ច្រើនជាង ផលប៉ះពាល់​មួយ​ជ្រុង​តូច​ប៉ុណ្ណោះ ហើយ​អ្វីដែល​សំខាន់​គឺ​ក្រុមហ៊ុន​ទាំងនោះ​គោរព​តាមច្បាប់​របស់​កម្ពុជា​។ លោក បាន​បញ្ជាក់ថា កត្តា​ដែល​ក្រុមហ៊ុន​បរទេស​ទាំងនោះ ចូលមក​វិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​ដោយសារ​ពួកគេ មានការ​ជឿជាក់ លើ​កត្តា​ភូមិសាស្ត្រ ស្ថេរភាព​សេដ្ឋកិច្ច នយោបាយ និង​សុវត្ថិភាព​មុខ​ជំនួញ​។

​កម្មករ​កម្មការិនី​ដែល​កំពុងធ្វើការ​ងារ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ យល់ឃើញថា ការ​ចូលមក​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន មាន​ផលចំណេញ​ច្រើន​សម្រាប់​កម្ពុជា ជាពិសេស​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​ជាច្រើន​ទៀតផង​។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ជាតិ និង​ក្រុមហ៊ុន​ប្រទេស កំពុង​វិនិយោគ​លើ​វិស័យ​ធំៗ​ពីរ ក្នុង​ខេត្ត​ព្រះសីហនុ គឺ​វិស័យ​ឧស្សាហកម្ម មានដូចជា​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ រោងចក្រ​ផលិត​ភេសជ្ជៈ និង​ចំណីអាហារ​ជាដើម​។ ចំណែក​ក្នុង​វិស័យ​ទេសចរ​ណ៌ មានដូចជា​សណ្ឋាគារ កាស៊ីណូ កន្លែង​កម្សាន្ត ភោ​ជនី​យ៌​ដ្ឋា​ន ផ្សារ​លក់ទំនិញ​។ ល​។ តាម​ទិន្នន័យ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​១២៦ ក្រៅពី​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក និង​ក្រុមហ៊ុន​ចិន មាន​ក្រុមហ៊ុន​វិនិយោគ​មកពី​ប្រទេស​ម៉ាឡេស៊ី ចំនូ​ន​១១ មាន​ទុនវិនិយោគ​៩២៧​លាន​ដុល្លារ​អាមេរិក​! ក្រុមហ៊ុន​បារាំង​ចំនួន​៧​ក្រុមហ៊ុន​មាន​ទុនវិនិយោគ​២៧៩​លាន​ដុល្លារ​! ក្រុមហ៊ុន​សិង្ហ​បុរី​ចំនួន​៦​មាន​ទុនវិនិយោគ​៥៦​លាន​ដុល្លារ​! ក្រុមហ៊ុន​វៀតណាម​ចំនួន​៣ មាន​ទុនវិនិយោគ​៩​លាន​ដុល្លារ​! ក្រុមហ៊ុន​ថៃ​ចំនួន​៤! ក្រុមហ៊ុន​រុ​ស្ស៉ី​ចំនួន​៣ មាន​ទុនវិនិយោគ​២៨០​លាន​ដុល្លារ​! ក្រុមហ៊ុន​អូស្ត្រាលី ចំនួន​៣​មាន​ទុនវិនិយោគ​៥​លាន​ដុល្លារ​! ក្រុមហ៊ុន​អាមេរិក ចំនួន​៣ មាន​ទុនវិនិយោគ​ចំនួន​២១​លាន​ដុល្លារ​! ក្រុមហ៊ុន​អង់គ្លេស​ចំនួន​១ មាន​ទុនវិនិយោគ​១១​លាន​ដុល្លារ​! ក្រុមហ៊ុន​កាណាដា ចំនួន​១​មាន​ទុន​វិយោគ​៣​លាន​ដុល្លារ ក្រុមហ៊ុន​ជប៉ុន ចំនួន​២​មាន​ទុន​វិ​ន​យោគ​៩​លាន​ដុល្លារ​! ក្រុមហ៊ុន​កូរ៉េខាងជើង ចំនួន​១​មាន​ទុនវិនិយោគ​៣៨​លាន​ដុល្លារ​! ក្រុមហ៊ុន​កូរ៉េខាងត្បូង​ចំនួន​១ មាន​ទុនវិនិយោគ​១៧​ម៉ឺន​ដុល្លារ ក្រុមហ៊ុន​ឥណ្ឌា​ចំនួន​១ មាន​ទុនវិនិយោគ​២​លាន​ដុល្លារ​! និង​ក្រុមហ៊ុន​កាស៊ីណូ​នៃ​ប្រទេស​ស៊ី​ប្រ៊ឺ​ស មាន​ទុនវិនិយោគ​៣០០​លាន​ដុល្លារ​៕