​ល្បែង​កន្ទុយលេខ​និង​អន​ឡាញ​កាន់តែ​ច្រើនតែ​គ្មាន​ការបង្ក្រាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2018 ក+ ក-

ប៉ោយប៉ែត​៖ ល្បែង​កន្ទុយលេខ និង​ល្បែងភ្នាល់​តាម​អន​ឡាញ ព្រមទាំង​បន​ល្បែង​ខុសច្បាប់​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ ត្រូវបាន​គេ​រាយ​ការ​ណ៏​ថា កំពុង​រីកលូតលាស់​ស្ទើរតែ​គ្រប់​ទីកន្លែង​ទៅហើយ តែ​ក៏​មិនទាន់​ឃើញ​សមត្ថកិច្ច​ជំនាញ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​បង្ក្រាប​នោះទេ គេ​សង្ស័យថា ការមិន​បង្ក្រាប អាច​ទទួលបាន​ផលប្រយោជន៍​ពី​ម្ចាស់​ហ្គេម និង​ម្ចាស់​អន​ឡាញ​ទាំងនោះ ទើបបានជា​នៅ​ស្ងាត់ស្ងៀម​ធ្វើ​ឲ្យ​ពលរដ្ឋ​ព្រួយបារម្ភ​ទៅនឹង​សុវត្ថិភាព​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត​កំពុងតែ​នាំគ្នា​មានការ​ពិបាកចិត្ត និង​ព្រួយបារម្ភ​កូនៗ​របស់​ពួកគាត់​នាំគ្នា​គេច​សាលារៀន ចូល​ទៅលេង​ហ្គេម ជា​រៀងរាល់ថ្ងៃ កត្តា​ទាំងអស់​នេះហើយ អ្នកស្រុក​រស់នៅ​តំបន់​នេះ កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​បញ្ហា​អសន្តិសុខ​ក្នុង​គ្រួសារ ក៏ដូចជា​បញ្ហា​អំពើចោរកម្ម​ផ្សេងៗ ដែល​អាច​កើតមាន​ជាយថាហេតុ​នៅក្នុង​មូលដ្ឋាន ។ ដូច្នេះ​គួរតែមាន​វិធានការ​ទប់ស្កាត់ ឬ​ត្រូវមាន​វិធានការ​បែបណា ដើម្បី​ចៀសវាង​កុំ​ឲ្យ​បញ្ហា​នេះ​រីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ ដែល​អាចឈាន​ដល់​ការ​និរាស​ព្រាត់ប្រាស​ក្រុមគ្រួសារ ដែល​ផ្ដើមចេញ​ល្បែង​កន្ទុយលេខ និង​ល្បែង​អន​ឡាញ​កាន់តែ​ច្រើនឡើងៗ នៅក្នុង​ក្រុង​ប៉ោយប៉ែត​គួរ​ឲ្យ​កត់សម្គាល់​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ទីតាំង​ល្បែង​អន​ឡាញ​មួយចំនួន​សុទ្ធសឹង​តែមាន​ម្ចាស់​ជា​អ្នកមានអំណាច និង​មាន​តួនាទី​ជា​កងកម្លាំងប្រដាប់អាវុធ​ផងដែរ ។

ចំណែក​ម្ចាស់​ទីតាំង​ហ្គេម​ផ្សេងទៀត​ធ្លាប់បាន​ប្រាប់ថា ពួកគាត់​អាច​ដំណើរការបាន​ដោយ​សុវត្ថិភាព​រហូតមកដល់​ពេលនេះ គឺ​បាន​បង់ប្រាក់​ឲ្យ​ទៅ​ឲ្យ​គ្រប់​ជំនាញ ។​

​សេចក្ដី​រាយ​កា​បញ្ជាក់ថា កន្លែង​លេង​ហ្គា​ម និង​ល្បែង​អន​ឡាញ​មាន​ទីតាំង​ដូចជា ល្បែង​អន​ឡាញ​ទី​១: នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្ទ្រា ចំងាយ​ពី​ហាង​នំ​បុ័ង កៅ កៃ ២០-៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ ទីតាំង​ហ្គេម​ទី​២:​នៅ​ខាងកើត​ស្តង់​ជ្រូក​ប្រហែល​១០០​ម៉ែត​ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ និង​ទី​តាំងទី​៣​អន​ឡាញ​: ម្ចាស់​ត្រូវបាន​លឺ​គេ​ហៅថា ធី ដើម​ពោធិ៍ ស្ថិតនៅ​ជិត​សាលារៀន​ហូ​ហ្វ្រែ​ន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២​សង្កាត់​ក្រុង​ប៉ោយប៉ែត ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើ អ្នកសារព័ត៌មាន​មិនទាន់មាន​ការបកស្រាយ​ពី​លោក​អធិការ​ក្រុង​ប៉ោយប៉ែត​ឡើយ ព្រោះថា​ទូរ​សព្ទ័​គ្មាន​អ្នកទទួល ៕