ភ្នំពេញ ៖ ឆ្លើយតប និងអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជា ផ្ទាល់របស់គណបញ្ជាការឯកភាពរាជធានីភ្នំពេញ អោយសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួត ពិនិត្យ ទប់ស្កាត់ និងហាមឃាត់ចំពោះរថយន្តទាំងឡាយណា ដែលមានការកែច្នៃខុសបច្ចេកទេស កាលពីពេលកន្លងទៅនោះ គណៈបញ្ជាការខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញបានសម្រុក សស្រាក់ សស្រាំទាំងថ្ងៃ ទាំងយប់ ដើម្បីអនុវត្តយុទ្ធនាការនេះ។
ជាក់ស្តែងនៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាព ខណ្ឌព្រែកព្នៅ ដោយមានការចង្អុលបង្ហាញពីអភិបាលខណ្ឌ ឱ្យលោកជាខេមាអភិបាលរងខណ្ឌដឹកនាំកម្លាំងចម្រុះ និងមានកិច្ចសហការពីមន្ត្រីជំនាញសាធារណការរាជធានី និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ចុះត្រួត ពិនិត្យនិងឃាត់រថយន្តដែលមានការសង្ស័យថាមានការកែច្នៃឬតទ្រុងតកន្ទុយខុសបច្ចេកទេសនៅចំណុចគល់ស្ពានព្រែកព្នៅ។
លោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ បានឱ្យដឹងក្នុងពេលចុះត្រួតពិនិត្យនោះថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយ មន្ត្រី មន្ទីរសាធារណៈការរាជធានី បានចុះ ត្រួតពិនិត្យជាប្រចាំនៅតាមគោលដៅមួយចំនួន ដែលបានកំណត់ ជាក់ស្តែងនៅថ្ងៃទី២២នេះ យើង បានដាក់ត្រួតពិត្យនៅគោលដៅចំណុចគល់ស្ពានព្រែកព្នៅ នៅពេលព្រឹកចាប់តាំង ពីម៉ោង៥ និង ៣០នាទី រហូតដល់ម៉ោង១១និង៣០នាទី ឃាត់រថយន្តឱ្យចូលមកមកត្រួតពិនិត្យបាន១៥គ្រឿង ពេលល្ងាច ចាប់ពីម៉ោង២ រហូតដល់ម៉ោង៥ និងពេលយប់ពីម៉ោង៧រហូតដល់ម៉ោង១០យប់ ហើយ បានហៅរថយន្តឱ្យចូលត្រួតពិនិត្យបានបាន៣៥គ្រឿងពោលគឺសរុបបានត្រួតពិនិត ដែលមានការ សង្ស័យថាខុសបច្ចេកទេសបានចំនួន៥០គ្រឿង។
អភិបាលរងរូបនេះ អះអាងថា គណៈបញ្ជាការឯកភាព ខណ្ឌព្រែកព្នៅ នឹងបន្តអនុវត្ត ការងារនេះជាប្រចាំ ពិសេស ដាក់កម្លាំង ហាមឃាត់មិនឱ្យរថយន្ត ដឹកសំពីងសំពោង រថយន្តដឹកទំនិញធុនធំ ចូលក្នុងក្រុងនោះឡើយ គឺ ត្រូវបញ្ជៀសចេញទៅខាងក្រៅក្រុងតាម ផ្លូវជាយក្រុងមួយចំនួន ដូចជាទៅតាមផ្លូវទំនប់កប់ស្រូវជាដើម៕