កម្ពុជា​ឆ្លើយតប​ការផ្អាក​ផ្តល់​ទិដ្ឋាការ​របស់​សហព័ន្ធ​អាល្លឺម៉ង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2018 ក+ ក-

​ភ្នំពេញ ៖ ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជូន​ព័ត៌មាន ដល់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ​២០១៨​ស្តីពី​ការ ផ្អាក​ផ្តល់​ទិដ្ឋាការ​តាម​លក្ខខណ្ឌ​ពិសេស​ចំពោះ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​។ ជាមួយគ្នានេះ ស្ថានទូត​បាន បញ្ជាក់ថា​ការផ្អាក​បែបនេះ មិនមាន​លក្ខណៈ​ដូច​ការ​ក្ម​នុង​ការដាក់​កម្រិត​ទិដ្ឋាការ​ជាទូទៅ​នោះទេ​។​

​ជាមួយនឹង​ការគោរព​ចំពោះ​សិទ្ធិ​អធិបតេយ្យ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​អំពី​បញ្ហា​នេះ ក្រសួង ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មានការ​សោកស្តាយ​ដោយ​ការ ប្រកាន់យក​វិធានការ ណ៍ បែបនេះ មិនបាន​ពិចារណា​ពី​តថភាព​នយោបាយ និង​ជាការ​មើលស្រាល​ទាំងស្រុង ដល់ ឯករាជ្យភាព​នៃ​ប្រព័ន្ធ​ច្បាប់ និង​តុលាការ​របស់​កម្ពុជា​។ ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ ចាត់ទុក​សកម្មភាព​ឯកតោភាគី​នេះ មាន​មូលហេតុ​នយោបាយ និង​មាន​ភាពលំអៀង មិន ប្រកបដោយ​គតិ​ច្បាប់ ហើយ​ដែល​ផ្ទុយ​នឹង​ការខិតខំ​ប្រឹងប្រែង​បច្ចុប្បន្ន​របស់​ប្រទេស​ទាំងពីរ​នៅក្នុង ការអភិវឌ្ឍ​ទំនាក់ទំនង​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​ទេ្វ​ភាគី​។​

​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ចាត់ទុក​ប្រតិកម្ម​របស់​អាល្លឺម៉ង់​ចំពោះ​ការវិវត្ត​ផ្នែក​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា គ្មាន​ភាពស្មោះត្រង់ និង​មាន​ស្តង់ដារ​ពីរ បើ​ពិនិត្យ​ទៅលើ​ប្រព្រឹត្តិ កម្ម​ខុសគ្នា​របស់​អាល្លឺម៉ង់​ចំពោះ​ប្រទេស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង សិទ្ធ មនុស្ស ។​

​ទោះបីជា​មានការ​សម្រេច​ចិត្ត​បែបនេះ​ក៏ដោយ ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ បញ្ជាក់​ជាថ្មី​ម្តងទៀត ពី​ការតាំង​ចិត្ត​ឥត​ងាករេ​របស់​កម្ពុជា ក្នុងការ​អនុវត្ត​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ សេរី​ពហុបក្ស ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ក្នុងការ​ពង្រឹង​នីតិរដ្ឋ និង​រៀបចំ ការបោះឆ្នោត​សភា នៅ​ថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ ដោយ​សេរី យុត្តិធម៌ និង​មាន របៀប រៀបរយ​៕a