ពោធិ៍សាត់ ៖ ប្រជាពលរដ្ឋខ្មែរម្នាក់ ត្រូវបានទាហានឈុតខ្មៅថៃចាប់ឃាត់ខ្លួន ឯ៦នាក់ទៀត រត់គេចខ្លួនរួច ខណៈដែលពួកគេលួចឆ្លងដែនសង្ស័យថា ចូលកាប់ឈើក្រញ៉ូងខុសច្បាប់ ក្នុង ទឹកដីថៃ។
ប្រភព ពីកម្លាំងសមត្ថកិច្ច នៃវរៈការពារព្រំដែនគោក ៨២៥ ទទួលទិសថ្មដា បានប្រាប់ឲ្យដឹង ថា ជនសង្ស័យដែលទាហានឈុតខ្មៅថៃ កងរយ៥៣៦ ចាប់ខ្លួននោះមានឈ្មោះ ស៊ឹម រ៉េន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិបឹងប្រីយ៍ ស្រុកបាកាន ខេត្តពោធិ៍សាត់។ វត្ថុតាងដែល ដកហូតបានរួមមាន ឈើក្រញូង៥ដុំ និងម៉ាស៊ីនត្រង់ស៊ីន័រអារឈើ ១គ្រឿង។
ប្រភពបានបន្តថា មានបុរស ៦នាក់ទៀត ដែលចូលរួមលួចឆ្លងដែន ចូលកាប់ឈើ ក្រញូង នៅក្នុងទឹកដីថៃ ហើយត្រូវបានរត់ចែកជើងគ្នា ។ យ៉ាងនេះក្ដី ខាងភាគីថៃ មិនទាន់បានបញ្ជាក់ ពីអត្តសញ្ញាណ របស់ពលរដ្ឋទាំង ៦នាក់នោះនៅឡើយទេ។ ក្រោយពេលកើតហេតុ ខាងភាគី ថៃ បានបញ្ជូនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តត្រាត ដើម្បីសួរនាំ ហើយបាន ជូនដំណឹងមកឲ្យកម្លាំងសមត្ថកិច្ចកម្ពុជាផងដែរ។
ប្រភពបានបន្ថែមទៀតថា នៅព្រឹកស្អែកនេះ ខាងភាគីកម្ពុជា នឹងណាត់គ្នាជាមួយទំនាក់ទំនង ដែលកាន់ច្រកព្រំដែន៥៦ ឃុំថ្មដា ស្រុកវាលវែង ដើម្បីចុះទៅសួរនាំ ស្រាវជ្រាវ និងស្វែងរក បក្សពួក និងមេខ្យល់ ដែលផ្សំគំនិតចូលរួមលួចឆ្លងដែន ចូលកាប់ឈើក្រញ៉ូងខុសច្បាប់ នៅ លើទឹកដីថៃ ឲ្យបានលម្អិត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង៣០នាទីរំលងអាធ្រាត ឈានចូល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើទឹកដីថៃ ទល់មុខប៉ុស្តិ៍ភ្នំគុតឬស្សី ស្ថិតក្នុងភូមិសុផានហ៊ីម ឃុំឡែមកាត់ ស្រុកមឿង ខេត្តត្រាត ប្រទេស៕