ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែន ព្រហ្មទណ្ឌ នឺងត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅសប្តាហ៍ក្រោយនេះ ដែលពិធី តែងតាំងនេះ នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥។
លោក ជួន ណារិន្ទ អតីតប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតរាជធានីភ្នំពេញ ត្រូវបានតែង តាំងជាស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌ កាលពីឆ្នាំ២០១៤។ហើយតំណែង បច្ចុប្បន្ន របស់លោក ជួន ណារិន្ទ ត្រូវបានជំនួសដោយលោកឧត្តមសេនីយ៍ត្រី សុង លី។
ការតែងតាំងលោក ជួន ណារិន្ទ ទៅជាស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើឡើងចំពេល ដែល លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានទៅលើ អាជ្ញាធរខេត្តព្រះសីហនុ (អភិបាល និងស្នងការខេត្ត) ដែលបាន បណ្តែតបណ្តោយឲ្យមានបទល្មើសកើតឡើងច្រើន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសបទល្មើសប្លន់ ជនបរទេសនៅកោះរ៉ុង និង ករណីឆក់ប្លន់លើជនបរទេស កាលពីពេលថ្មីៗនេះ។
ការថ្លែងស្តីបន្ទោស អភិបាល និងស្នងការខេត្តព្រះសីហនុរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើឡើង ខណៈពេលលោក បានអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០១ ខែមេសា នាទីស្តីការក្រសួងមហាផ្ទៃ៕