ភ្នំពេញ ៖ មានរបៀបវារៈសំខាន់ៗចំនួន៣ ត្រូវបានយកមកពិភាក្សានៅក្នុងកិច្ចប្រជុំគណៈកម្មា
ធិការគ្រប់គ្រងកម្មវិធីការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលរៀបចំឡើងដោយ
គណៈកម្មាធិការនីតសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជា
មួយស្ថានទូតអូស្ត្រាលីកម្ពុជានៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី២២ កុម្ភៈ រួម មាន៖ (១),របាយការណ៍វឌ្ឍនភាពការងារក្នុងឆ្នាំ២០១៧. (២),ពិនិត្យ និងពិភាក្សាអំពីលទ្ធ ភាពបន្តរយៈពេល និងបន្ថែមថវិកាសម្រាប់អនុវត្តកម្មវិធី និង(៣) ,ផែនការសកម្មភាព និង
ថវិកា ឆ្នាំ២០១៨។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី រ៉ូត ស្ទីវវ៉ាត អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រា លីប្រចាំកម្ពុជា។
កិច្ចប្រជុំបានដំណើរការក្នុងស្មារតីភាពជាដៃគូ ដោយអង្គប្រជុំបានពិភាក្សា និងអនុម័ត របាយការណ៍វឌ្ឍនភាពការងារក្នុងឆ្នាំ២០១៧ និងផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៨ ដោយបានឯកភាពលើទិសដៅ និងសកម្មភាពលម្អិតសម្រាប់បន្តគាំទ្រវិស័យអគ្គិសនី និងទឹក ស្អាតបន្ថែមទៀត។
យោងតាមសេចក្តីជូនព័ត៍មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថា រាជ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់អនុវត្ត កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ សម្រាប់រយៈ ពេល ៥ឆ្នាំ ដោយបានគ្រោងផ្តល់ថវិកាហិរញ្ញប្បទានឥតសំណងប្រមាណ ៤៥លានដុល្លារ អូស្ត្រាលី ដែលគោលបំណងចម្បងនៃកម្មវិធីនេះ គឺកសាងប្រព័ន្ធចែកចាយថាមពលអគ្គិសនី និងការផលិតទឹកស្អាត ការកសាងប្រព័ន្ធចែកចាយនៅតាមទីប្រជុំជន និងតំបន់ជនបទ ដើម្បី អោយប្រជាជនមានលទ្ធភាពប្រើប្រាស់ច្រើន និងប្រសើរជាងមុននូវសេវាទាំងនេះ ក្នុងគោល ដៅបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ លើសពីនេះកម្មវិធីនេះក៏រួមចំណែកអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ តាមរយៈការចុះកិច្ច សន្យាជាមួយប្រតិបត្តិករឯកជនសម្រាប់អនុវត្តគម្រោង។
គិតត្រឹមឆ្នាំ២០១៧ កម្មវិធីនេះបានសម្រេចគាំទ្រប្រតិបត្តិករឯកជនចំនួន ៤៥ ក្នុងនោះ ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតចំនួន ៣១ក្រុមហ៊ុន និងប្រតិបត្តិករផ្គត់ផ្គង់អគ្គិសនីចំនួន ១៤ក្រុម ហ៊ុន ដោយការគាំទ្រនេះនឹងជួយពន្លឿនការតភ្ជាប់បណ្តាញផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីជូន គ្រួសារប្រជាជននៅជនបទប្រមាណ ១សែន ៣ម៉ឺន ៤ពាន់ ១៩៧គ្រួសារ ហើយសម្រាប់ឆ្នាំ ២០១៨នេះ កម្មវិធីមានផែនការគាំទ្រដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីចំនួន ៥២ ក្រុមហ៊ុនបន្ថែមទៀត៕
កម្ពុជា-អូស្ត្រាលី បើកកិច្ចប្រជុំស្តីពីការ វិនិយោគក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ