កំពង់ធំ ៖ ប្រជាពលរដ្ឋ និយាយថា ទង្វើឈូសឆាយដីព្រៃ គ្មានច្បាប់ អនុញ្ញាតិ ជាច្រើនករណី នៅខេត្តកំពង់ធំ នៅតែកើតមានដដែល គឺភាគច្រើន ប្រព្រឹត្តដោយអ្នកមានលុយ និងមន្ត្រីមានអំណាច ដែលធ្វើឲ្យមានមតិរិះគន់ពីសាធារណជនជាច្រើន និងប៉ះពាល់ដល់គោល នយោបាយ រាជរដ្ឋាភិបាលទៀតផង។
ជាក់ស្ដែងដូចជាករណី ឈូសឆាយដីព្រៃនៅស្រុកស្ទោង ខេត្តកំពង់ធំ ១កន្លែង ស្ថិតនៅ តំបន់ភូមិសំបួរ ឃុំពពក នៅលើផ្ទៃដី៥២ហិតា ដែលប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅស្រុក ស្ទោងនិយាយថា គ្មានច្បាប់អនុញ្ញាតិនោះ ត្រូវបានលោក ប៊ុន ជឿន នៅភូមិរំចេក ឃុំកំពង់ចិន ជើង ស្រុកស្ទោង ប្រាប់ឲ្យដឹងថា ដីដែលកំពុងឈូសឆាយនេះ ជាដីរបស់កូនប្រុសគាត់ឈ្មោះ ជុំ ស ជាប្រធានតុលាការ សាលាដំបូង ខេត្តត្បូងឃ្មុំ ចំណែកមានច្បាប់ ឬអត់ច្បាប់នោះ គឺគាត់ មិនដឹងនោះទេ។
លោកអភិបាលស្រុកស្ទោង លោក ណែត សារី បានប្រាប់ឲ្យដឹងថា ការឈូសឆាយដី នោះ គឺគ្មានច្បាប់អនុញ្ញាតិមែន គឺលោកជុំ ស ធ្វើអីស្រេចតែចិត្ត។
ឯកឧត្ដម អភិបាលខេត្តកំពង់ធំ សុខ លូ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា មិន គិតថា លោកជុំ ស មានតួនាទី ជាប្រធានតុលាការនោះទេ គឺត្រូវតែអនុវត្តន៍តាមនិតិវិធីច្បាប់។
ចំណែកប្រជាពលរដ្ឋ បាននិយាយឲ្យដឹងថា ពួកគាត់នៅតែឆ្ងល់ថា បើអាជ្ញាធរ សុទ្ធតែ ដឹងថា គ្មានការអនុញ្ញាតិច្បាប់ដូចនេះ ម្ដេចក៏ការឈូសឆាយនេះ នៅតែដំណើរការបាន យ៉ាង រលូន ទើបតែធ្លាយរឿងដល់អ្នកសារព័ត៌មានដូច្នេះ៕