កំពង់ចាប ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រ មណ្ឌល កំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញទៅបោះឆ្នោតជ្រើស តាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៤ នៅការិយាល័យបោះឆ្នោតខេត្តកំពង់ចាម។ សូមជម្រាបជូនថា ខេត្ត កំពង់ ចាម រួមនិងខេត្តត្បូងឃ្មុំ គឺស្ថិតក្នុងភូមិភាគ២ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ មានគណបក្សនយោបាយ ចំនួន ៤ ចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។ ព្រឹទ្ធសភានីតិកាលទី៤នេះ មានសមាជិក សរុបចំនួន ៦២រូប ដែលចំនួននេះស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភានីតិកាលទី៦ ដែលមានសមាជិកសរុបចំនួន ១២៥រូប ក្នុងនោះសមាជិកព្រឹទ្ធសភា ២រូប ត្រូវចាត់តាំង ដោយព្រះ មហាក្សត្រ និង២រូបទៀត ជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើន ហើយក្រៅ ពីនេះ ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីបោះឆ្នោតជាសម្ងាត់។
ចំពោះអាសនៈព្រឹទ្ធសភាដែលត្រូវបោះឆ្នោត ត្រូវបានបែងចែកតាមភូមិភាគដូចខាង
ក្រោម៖ ភូមិភាគ១ រាជធានីភ្នំពេញមាន ៦អាសនៈ , ភូមិភាគ២ ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំមាន ៨អាសនៈ , ភូមិភាគ៣ ខេត្តកណ្តាលមាន ៥អាសនៈ , ភូមិភាគ៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិនមាន ១០អាសនៈ ភូមិភាគ៥ ខេត្តតាកែវ កំពត និងខេត្តកែបមាន ៧អាសនៈ , ភូមិភាគ៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀងមាន ៧អាសនៈ , ភូមិភាគ៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុមាន ៩អាសនៈ , ភូមិភាគ៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី និងខេត្តមណ្ឌលគីរីមាន ៦អាសនៈ។
សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ មានអ្នកបោះ ឆ្នោតចំនួន១ម៉ឺន ១ពាន់ ៦៩៥នាក់ ក្នុងនោះមានអ្នកតំណាងរាស្ត្រចំនួន ១២៣រូប និងសមាជិក ក្រុមប្រឹក្សាឃុំ/សង្កាត់ចំនួន ១ម៉ឺន ១ពាន់ ៥៧២នាក់។ ដោយឡែកសម្រាប់មណ្ឌលភូមិភាគ២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មានអ្នកបោះឆ្នោតសរុបចំនួន ១ពាន់ ៣៧១នាក់ ក្នុងនោះ មានអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ១៨រូប តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ សូន្យ រូប(គ្មាន) និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ចំនួន ១ពាន់ ៣៥៣នាក់។
អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម នុត សុខុម ក្នុងឱកាស អញ្ជើញពិនិត្យដំណើរការបោះឆ្នោតនៅការិយាល័យបោះឆ្នោតខេត្តកំពង់ចាម គឺស្ថិតនៅវិទ្យា ល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាមបានគូសបញ្ជាក់ថា ជារួមសម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ គឺចាប់តាំងពីយុទ្ធនាការឃោសនារកសម្លេងឆ្នោត របស់បណ្តាគណបក្សនយោបាយ រហូតដល់ថ្ងៃបោះឆ្នោតនេះអ្វីៗបានប្រព្រឹត្តិទៅយ៉ាងរលូន ជាពិសេសសម្រាប់យុទ្ធនាការឃោសនាកន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះ
ឆ្នោតពុំទទួលបានពាក្យបណ្តឹងតវ៉ាពីគណបក្សនយោបាយ ឬពីភាគីណាមួយពីភាពមិនប្រក្រតី ឬពីបញ្ហាអ្វីមួយឡើយ។
សូមជម្រាបជូនថា កម្ពុជាមាន ២៥រាជធានី/ខេត្ត មានឃុំ/សង្កាត់សរុបចំនួន ១៦៤៦ ឃុំ/សង្កាត់ និងមានការិយាល័យបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ចំនួន ៣៣ការិយាល័យ ក្នុងនោះសម្រាប់មណ្ឌលភូមិភាគ២ មានចំនួន ៣ការិយាល័យ ដោយខេត្ត កំពង់ចាមមាន ២ការិយាល័យ និងខេត្តត្បូងឃ្មុំមាន ១ការិយាល័យ៕