ភ្នំពេញ ៖ នារីកម្មកររោងចក្រដ៏ស្រស់ស្អាតម្នាក់បានជិះម៉ូតូឌុបជាមួយម្តាយដើររកគូស្នេហ៍ដែលជាប្តីហេងស៊យ និងបានជួបគ្នានៅម្តុំវត្តស្លែងតាមបណ្តោយផ្លូវជាតិលេខ៣ ដោយប្រទះឃើញគូរស្នេហ៍របស់ខ្លួនកំពុងជិះម៉ូតូមួយគ្រឿងដឹកប្រពន្ធដើម ក៏បានស្រែកហៅអោយឈប់តែបុរសកំហូចខាងលើនោះមិនបានឈប់ទេ បានព្យាយាមជិះម៉ូតូរត់គេចពីសង្សាររបស់ខ្លួនរហូតដល់ចំនណុចស្ពានទឹកថ្លា ស្ថិត្នុងសង្កាត់ក្រាំងពង្រខណ្ឌដង្កោ ទើបនារីជាសង្សា និងម្តាយបានស្រែកថា ចោរៗផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញជួយដេញស្ទាក់ ចាប់បំរុងវាយម្នាក់មួយដៃមួយជើង តែសំណាងល្អដោយសារពួកគេស្រែកឡូឡា បែកធ្លាយថាជារឿងស្នេហាត្រីកោណវិញ។
ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងពង្រ នាំយកមនុស្សទាំងអស់មកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចម្តាយ និងនារី កម្មករខាងលើបានប្រាប់សមត្ថកិច្ចអោយដឹងថា ដំបូងឡើយកូនរបស់គាត់បានមកពីខេត្តបាត់ដំបង មកធ្វើការរោងចក្រនៅភ្នំពេញ នៅម្តុំសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជយ័ នៅរោងចក្រកាត់ដេរក្រុមហ៊ុនAC ហើយកូនស្រីរបស់គាត់ក៏មានការទំនាក់ទំនងស្នេហាជាមួយបុរសខាងលើនេះ រយៈពេលជិតមួយឆ្នាំមកហើយ ដោយបុរសនោះបានប្រាប់ថា ខ្លួននៅកំលោះកំព្រាឪពុកម្តាយធ្វើអោយកូនស្រីគាត់ អាណិតដាក់ចិត្តស្រលាញ់លើបុរសខាងលើនោះយ៉ាងខ្លាំង ហើយជនកំហូចនោះបានសន្យាថា និងចូលស្តីដណ្តឹងនាងរៀបការជាមួយគ្នានៅមុនរដូវចូលឆ្នាំខ្មែរខាងមុខនេះនៅឯស្រុកខាងស្រីនៅខេត្តបាត់ដំបងទៀតផង ដើម្បីបំពេញមុខមាត់បងប្អូនខាងស្រី ហើយពួកគេក៏បានរួមរស់នៅជាមួយគ្នារយៈពេលជិតមួយឆ្នាំមកហើយ ដោយនារីដែលត្រូវប្រពន្ធបណ្តោះអាសន្នមិនដែលឃើញប្រាក់ខែប្តីនោះទេ ដោយលោកប្តីហេងស៊យនេះចាយតែប្រាក់ខែនាងបើករៀងរាល់ខែ ទើបនាងចេះតែមានការសង្សយ័តាមដានប្តីរបស់ខ្លួនទីបំផុតទើបដឹងថា ប្តីរបស់ខ្លួនមានប្រពន្ធរួចហើយ។
ក្រោយពីសមត្ថកិច្ចនគរបាលក្រាំងពង្រធ្វើការសាកសួរហើយដោយសារតែរឿងនេះកើតឡើងនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជយ័ ទើបបញ្ជូនអ្នកទាំង៣ មកកាន់ប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ១ ចាត់ការបន្តរវិញ។
គួរបញ្ជាក់ប្រាប់ថា នារីរងគ្រោះខាងលើមានឈ្មោះ ចាន់ សុខា អាយុ២០ឆ្នាំមុខរបរកម្មកររោងចក្រACស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។
ចំណែកបុរសខាងលើមានឈ្មោះ ស៊ុន រិទ្ធ អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រACស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូម.ឃុំដើមឫស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕