ព្រៃវែង ៖ យុវជនប្រុសស្រីចំនួន៣នាក់បាននាំគ្នាទៅកម្សាន្តលើវាលខ្សាច់ដីដុះមាត់ទន្លេមេគង្គមួយកន្លែងស្ថិតក្នុងភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេត្តព្រៃវែង រួចនាំគ្នាចុះហែលទឹកលេងបណ្តាលឲ្យលង់ស្លាប់២នាក់ និងម្នាក់ទៀតកំពុងស្ថិត្នុងការជួយសង្គ្រោះបន្ទាន់។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ និង៣០នាទី រសៀលថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ទី១ឈ្មោះនិល សុផានុត ភេទប្រុស អាយុ១៨ឆ្នាំ (ស្លាប់) ទី២ឈ្មោះយស ចាន់រស្មី ភេទស្រី អាយុ១៨ឆ្នាំ(ស្លាប់) និងទី៣ឈ្មោះលន់ វិចិត្ត ភេទប្រុសអាយុ១៨ឆ្នាំ ត្រូវបានគេជួយស្រង់ទាន់ឥឡូវដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ជនរងគ្រោះទាំង៣នាក់ មានទីលំនៅភូមិតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពនិយាយថា នៅមុនពេលកើតហេតុគេឃើញយុវជនប្រុសស្រី៣នាក់បាននាំគ្នាមកកម្សាន្តនៅលើកោះឆ្នេខ្សាច់នេះរួចក៍នាំគ្នាចុះហែលទឹកទន្លេមេគង្គលេង។លុះដល់វេលាម៉ោងខាងលើស្រាប់តែមានការភ្ញាក់ផ្អើលថា មានមនុស្សលង់ទឹកធ្វើឲ្យអ្នកដែលទៅលេងកម្សាន្តនៅចំណុចវាលខ្សាច់នោះដែររួមជាមួយពលរដ្ឋកសិករធ្វើចំការក្បែរនោះ រត់ចុះទៅជួយស្រង់សង្គ្រោះភ្លាមៗផងដែរ តែជាអកុសលយុវជន យុវនារី២នាក់ បានឈ្លក់ទឹកដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ នៅសល់តែយុវជនម្នាក់(ក្នុងចំណោម៣នាក់)នៅមានចលនាដង្ហើមក៏នាំគ្នាជួយសង្គ្រោះតាមរបៀបបុរាណទំរាំរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែកស្រុកពាមជ័រ ។
គួរបញ្ជាក់ផងដែរថា នៅចំណុចលើកោះនេះឧស្សាហ៍មានមនុស្សលង់ទឹកស្លាប់ជាញឹកញ៉ាប់ណាស់ ដូច្នេះសូមពុកម៉ែបងប្អូនជាពិសេសយុវជនយុវនារីដែលតែងតែនាំគ្នាទៅលេងកម្សាន្តរៀងរាល់ចុងសប្តាហ៍ ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យសូមឲ្យមានការប្រុងប្រយ័ត្នផង ពិសេសពេលពិសាគ្រឿងស្រវឹងខ្លាំងកុំចុះហែលទឹកលេងទៅផ្នែកកណ្តាលៗពេកព្រោះកន្លែងនេះមានអណ្តូងម៉ាកជ្រៅៗណាស់ប្រយ័ត្នសប្បាយក្លាយជាទុក្ខ។ ដោយឡែក អាជ្ញាធរមូលដ្ឋាន គួរមានការរៀបចំយ៉ាងណាដើម្បីបញ្ចៀសគ្រោះថ្នាក់ដូចខាងលើនេះបន្ទៀត បើមិនដូច្នេះទេ តំបន់នេះនឹងលែងមានភ្ញៀវទៅកម្សាន្តទៀតហើយ៕