ខេត្តព្រៃវែង៖មន្ត្រីជាន់ខ្ពស់កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស បានបង្ហើបឲ្យដឹងថា លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ធ្វើលិខិតស្នើទៅអគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ដើម្បីផ្លាស់ប្តូរភារកិច្ច តួនាទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តមួយចំនួន ដោយក្នុងនោះ ក៏មានលោកឧត្តមសេនីយ៍ត្រី សុខ គ្រីន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រៃវែងផងដែរ ដោយយកមកឲ្យធ្វើការ នៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ត្រី សុខ គ្រីន មេបញ្ជាការ កងរាជ អាវុធហត្ថ ខេត្តព្រៃវែង អាចប្រឈមមុខនឹងការដោះដូរ ពីតំណែង និងមានមន្ត្រីអាវុធហត្ថ ដែលនៅក្រោម ឱវាទ មួយចំនួន ក៏ប្រឈមមុខនឹងការដាក់ពិន័យ និងការ ដាក់ទោសទណ្ឌតាមច្បាប់ផងដែរចំពោះករណីករណីមន្ត្រីកងរាជអាវុធហត្ថ បាញ់រះទៅលើរថយន្តដឹកស្រូវ និងចាប់ចងអ្នកបើករយន្ត និងព្រូរថយន្ត ធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ នៅចំណុចគីឡូម៉ែត្រលេខ៨៩ តាមបណ្ដោយផ្លូវជាតិលេខ១១ ក្នុងស្រុកអូរាំងឪ ខេត្ដព្រៃវែង។
លោកខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់ឲ្យដឹង កាលពីល្ងាចថ្ងៃទី០២ ខែមេសា ថា មន្ត្រីអាវុធហត្ថណា ដែលធ្វើខុស ត្រូវទទួល ពិន័យ ឬត្រូវផ្តន្ទាទោសតាមច្បាប់ បើសិនជាគណៈកម្មការចំពោះកិច្ច ស្រាវជ្រាវរកឃើញ ថា ពិតជាបានប្រព្រឹត្តមែននោះ។ ហើយលោកនាយឧត្តមសេនីយ៍ សៅ សុខា មិនគាំទ្រអ្នកណា ដែលធ្វើខុសទេ។
គណៈកម្មការចំពោះកិច្ច របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ចប់ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ករណីមន្ត្រីកងរាជអាវុធហត្ថ បាញ់រះទៅលើរថយន្តដឹកស្រូវ និងចាប់ចងអ្នកបើករថយន្ត និងព្រូរថយន្ត ធ្វើទារុណកម្ម យ៉ាងសាហាវព្រៃផ្សៃ កាលពីយប់ថ្ងៃទី១៩ ខែមីនា នៅចំណុចគីឡូម៉ែត្រលេខ៨៩ តាមបណ្ដោយផ្លូវជាតិលេខ១១ ក្នុងស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ។ បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវ នៅខេត្ត ព្រៃវែង គណៈកម្មការចំពោះកិច្ច ក៏បានបន្តទៅធ្វើការស៊ើប អង្កេតករណីនេះ នៅខេត្តត្បូងឃ្មុំ។ រហូតមកដល់ពេល នេះ នៅមិនទាន់បញ្ចប់ នៅឡើយទេ។
ពាក់ព័ន្ធករណីនេះ នៅក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបសកម្មភាពការងារ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់ កាលទី៣ កាលពីរសៀលថ្ងៃទី៣០ ខែមីនា នៅវិមានសន្តិភាព លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន លើកឡើងរឿងនេះផងដែរ និងបានប្រាប់លោក សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ត្រូវធ្វើកិច្ចការងារនេះឲ្យបានម៉តចត់បំផុត កុំឲ្យអ្នកប្រព្រឹត្តខុសរួចខ្លួន។លោកក៏បានលើក ឡើងពី បញ្ហាក្រុមជញ្ជីងថ្លឹងចល័ត ផងដែរ និងបានប្រាប់ឲ្យអភិបាលខេត្ត លុបបំបាត់ក្រុមជញ្ជីងថ្លឹងជជុះ។
ចំពោះករណីនេះ ជនរងគ្រោះ ដែលរងការធ្វើទារុណកម្ម យ៉ាងសាហាវព្រៃផ្សៃ ពីសំណាក់មន្ត្រីសាធារណការ,នគរបាលសេដ្ឋកិច្ច និងប៉េអឹមខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ក៏បានដាក់ពាក្យបណ្តឹង ដើម្បីឲ្យតុលាការ រកយុត្តិធម៌ឲ្យខ្លួន និងបានទាមទារសំណងជំងឺចិត្ត និងថ្លៃខូចខាត ចំនួន៥ម៉ឺនដុល្លារ អាមេរិក ពីក្រុមសមត្ថកិច្ចទាំងនោះ។
ទាក់ទងការបាញ់ប្រហារ ទៅលើរថយន្តដឹកស្រូវ និងចាប់ប្រជាពលរដ្ឋ ចងស្លាបសេក, យកជើងជាន់ក្បាលផ្អឹប នៅនឹងដី លោក សៅ សុខា កាលពីថ្ងៃទី២៣ ខែមីនា បានសម្រេចបង្កើត គណៈកម្មការចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ចនូវបាតុភាព ដែលបានកើតឡើង ក្នុងពេលបំពេញភារកិច្ច របស់កងកម្លាំងអាវុធហត្ថ ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥៕