រដ្ឋមន្ត្រី​មហាផ្ទៃ បញ្ជា​ឲ្យ​ត្រួតពិនិត្យ​ជនបរទេស​ដែល​កាន់​ឯកសារ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​បាន បាន​បញ្ជា​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឲ្យ​បង្កើន​សកម្មភាព​ត្រួតពិនិត្យ និង​ដកហូត​ឯកសារ​ជនបរទេស​កាន់កាប់​ដោយ​ខុសច្បាប់​នៅ​កម្ពុជា​។

​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍​បាន​ជំរឿន​រកឃើញ​ជនបរទេស​អន្តោប្រវេសន៍​សរុប​ចំនួន ៤៦.៧៧៦​គ្រួសារ មនុស្ស​ចំនួន​១៧​ម៉ឺន ៦​ពាន់ ៨១២​នាក់ ក្នុងនោះ​ជនបរទេស កាន់​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ចំនួន ២០.២១៨​គ្រួសារ​។

​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ទឹ​ស ដៅ​ការងារ​ឆ្នាំ​២០១៨ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​រសៀល​ថ្ងៃ​អង្គារ នេះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​មហា ផ្ទៃ​បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ជំនាញ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ត្រូវ​បង្កើន សកម្មភាព​ត្រួតពិនិត្យ និង​ធ្វើ​ការដកហូត​ឯកសារ​មិន​ប្រក្រតី​របស់​ជនបរទេស ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ទឹកដី​កម្ពុជា​ទៅតាម​គោលការណ៍​ច្បាប់​ដែល មាន​ស្រាប់​។

​សម្តេច​ក្រឡាហោម ស ខេង ក៍បាន​ជម្រុញ​ឲ្យ​សមត្ថកិច្ច​នៅតាម ច្រកព្រំដែន​នីមួយ​នៅជាប់​ព្រំដែន​ត្រូវ​បង្កើន​សកម្មភាព​ក្នុងការ​ត្រួតពិនិត្យ​ជន បរទេស​ឲ្យ​ម៉ត់ចត់ និង​ត្រឹមត្រូវ​មុននឹង​អនុញ្ញាតិ​ឲ្យ​ទឹកដី​កម្ពុជា​។ សម្តេច​ក៍បាន​ព្រមាន​ផងដែរ​ចំពោះ​មន្ត្រី​អត្រានុកូលដ្ឋាន រឺ​មន្ត្រី​ប៉ុស្តិ៍​ណា​ដែល​ហ៊ាន​ចេញ ប​ណ្ណ័​ស្នាក់នៅ និង​លួច​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ជនបរទេស​រស់នៅ​ទឹកដី​កម្ពុជា​បើ​រកឃើញ​មន្ត្រី​នោះ​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។

​គួរ​បញ្ជាក់ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើ​ជំរឿន​រកឃើញ​ជនបរទេស​អន្តោប្រវេសន៍​នៅ​កម្ពុជា​សរុប​ចំនួន ៤​ម៉ឺន​៦​ពាន់ ៧៧៦​គ្រួសារ ស្មើនឹង​ប្រមាណ​១៧​ម៉ឺន​៦​ពាន់​៨១២​នាក់ ស្រី​៧៩.៧២៨​នាក់ ក្នុងនោះ​ជនបរទេស​បែប​អន្តោប្រវេសន៍​កាន់​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ចំនួន​២០.២១៨​គ្រួសារ​មនុស្ស​៧៣.៣៩៧​នាក់​ស្រី​៣៥.៨៨៨​នាក់ មាន​៥​សញ្ជាតិ​លើ​៧​ប្រភេទ​ឯក​សារៈ​សៀវភៅ​ស្នាក់នៅ​ចំនួន​១៨.៥៨០​ក្បាល សៀវភៅ​គ្រួសារ​ចំនួន ២.១៧៧​ក្បាល សំបុត្រកំណើត​ចំនួន ១១.៣៣៦​ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍​ចំនួន​២៤១​ក្បាល អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​៦.៧២២​ក្បាល លិខិតឆ្លងដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​៦៣២​ក្បាល និង​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​អចលនវត្ថុ​ចំនួន​៤១​ប័ណ្ណ​៕​